
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសផ្ដល់សំបុត្រចូលទស្សនាប្រាសាទអង្គរវត្តដល់កីឡាករ កីឡាការិនី និងប្រតិភូកីឡាតាមបណ្ដាប្រទេសនានា ដែលបានមកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅក្នុងប្រទេសកម្ពុជាដោយឥតគិតថ្លៃ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម, វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ ពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។
ខណៈសល់រយៈពេល ២ថ្ងៃទៀតនឹងដល់ថ្ងៃបិទព្រឹត្តិការណ៍ស៊ីហ្គេម សម្ដេចតេជោ បញ្ជាក់ថា ការសម្រេចចិត្តរបស់សម្ដេចចំពោះការមិនយកថ្លៃសំបុត្រ និងអនុញ្ញាតឱ្យប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិផ្សព្វផ្សាយដោយមិនគិតថ្លៃ រួមជាមួយនឹងការផ្ដល់ការឧបត្ថម្ភដល់ប្រតិភូកីឡា និងកីឡាករមកពីប ណ្ដាប្រទេសនានាដោយមិនគិតថ្លៃ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ និងមានទស្សនវែងឆ្ងាយទៅថ្ងៃខាងមុខ។
សម្ដេចតេជោ ហ៊ុន សែន ប្រកាសអរគុណដល់ថ្នាក់ដឹកនាំតាមបណ្ដាប្រទេសនានាទាំងអស់ ដែលបានបញ្ចូនកីឡាករ កីឡាការិនី ប្រតិភូកីឡាមកចូលរួមគាំទ្រព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ជាមួយគ្នានេះសម្ដេច ក៏បានអរគុណដល់ប្រធានាធិបតីចិន និងប្រជាជនចិនដែលបានឧបត្ថម្ភគាំទ្រដល់កម្ពុជា ជាពិសេសបានផ្ដល់ពហុកីឡដ្ឋានជាតិមរតកតេជោដល់កម្ពុជា៕ អត្ថបទ៖ វ៉ន ដារ៉ា