ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានស្នើឱ្យសិក្សារៀបចំបង្កើត ផ្សារបោះដុំ និងលក់រាយកសិផល តាមបណ្តារាជធានី-ខេត្ត ដើម្បីបង្កើតទីផ្សារសម្រាប់កសិកផលរបស់កសិករ និងជំរុញឱ្យការផលិត និងការចិញ្ចឹមសត្វ មានតម្លៃដើមទាប ដើម្បីប្រកួតប្រជែងក្នុងក្របខណ្ឌទីផ្សារ អនុញ្ញាតឱ្យកសិករប្រកួតប្រជែងជាមួយមុខទំនិញនាំចូល។
ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាផ្នែកកសិកម្មជាង ៣ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នៅថ្ងៃទី១៥ ខែឧសភា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ណែនាំ ការបង្កើតយន្តការទីផ្សារកសិផលនេះ ដើម្បីរូមចំណែកលើកកម្ពស់យន្តការទីផ្សារ សម្រាប់កសិផលរបស់កសិករពេលផលិតបាន ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “ ត្រូវរៀបចំជំរុញលើកទឹកចិត្តឱ្យមានទីផ្សារ កន្លែងបោះដុំ និងលក់រាយកសិផល។យើងនៅភ្នំពេញក៏មានកន្លែងសម្រាប់កសិករយកបន្លែទៅដាក់លក់ ហើយក៏មានអ្នកដែលចង់វិនិយោគផ្សារសម្រាប់ទទួលទិញផលិតផលរបស់កសិករ”។
សម្តេចតេជោ មានប្រសាសន៍ថា កម្ពុជា នៅមានបញ្ហាច្រើន ទាក់ទងនឹងបច្ចេកទេស ដោយសម្តេចតេជោ លើកទឹកចិត្តឱ្យមានការស្រាវជ្រាវ ជាមួយនឹងការរៀបចំយន្តការដើម្បីឆ្លើយតប ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម ជាពិសេស ការរៀបចំសមាគមកសិករ ដើម្បីធានាដល់ការផលិត និងបង្កើតកម្លាំងចរចាឬតថ្លៃរបស់កសិករ លើទីផ្សារ។
ទាក់ទឹងតម្លៃប្រកួតប្រជែងកសិផលលើទីផ្សារ ប្រមុខរាជរដ្ឋាភិបាល ជំរុញឱ្យការផលិត និងការចិញ្ចឹមសត្វ មានតម្លៃដើមទាប ដើម្បីប្រកួតប្រជែងក្នុងក្របខណ្ឌទីផ្សារ អនុញ្ញាតឱ្យកសិករប្រកួតប្រជែងជាមួយមុខទំនិញនាំចូល ៕ អត្ថបទ៖ វណ្ណៈ