
មនុស្សរាប់ពាន់នាក់ បាននាំគ្នាតវ៉ានៅក្នុងរដ្ឋធានី Sanaa ប្រទេសយ៉េម៉ែន កាលពីថ្ងៃអាទិត្យ ដើម្បីតវ៉ានឹងការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែលទៅលើតំបន់កាន់កាប់ហ្គាហ្សា ស្រ្ទីប។
ការតវ៉ានេះ ត្រូវបានរៀបចំឡើងដោយក្រុមឧទ្ទាមហ៊ូធីគាំទ្រដោយអ៊ីរ៉ង់ ដែលគ្រប់គ្រងតំបន់ភាគពាយ័ព្យប្រទេសយ៉េម៉ែន រួមទាំងទីក្រុង Sanaa ចាប់តាំងពីឆ្នាំ ២០១៤ រហូតមក ។
ក្រុមបាតុករ នាំគ្នាស្រែកពាក្យស្លោកប្រឆាំងនឹងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល “ស្លាប់ទៅអាមេរិក ស្លាប់ទៅអ៊ីស្រាអែល” ។ ដោយឡែក ក្រុមអ្នកតំណាងក្រុមជីហាដអ៊ីស្លាមប៉ាឡេស្ទីន បានចូលរួមការតវ៉ានេះផងដែរ ។
លោក Ahmad Zabara គឺជាមន្រ្តីមកពីក្រសួងវប្បធម៌ហ៊ូធី និយាយថា ការតវ៉ានេះមានគោលដៅអំពាវនាវឲ្យរាល់ជនជាតិយ៉េម៉ែនសេរី រាល់ជនជាតិអារ៉ាប់សេរី និងរាល់ជនមូស្លីមសេរី ឈរនៅខាងជនប៉ាឡេស្ទីន និងជួយទប់ទល់ដោយការតស៊ូ ប្រើលុយរបស់ពួកគេ កូនប្រុសរបស់ពួកគេ និងអាវុធរបស់ពួកគេ ។
គួរឲ្យដឹងថា ក្រុមជីវពលនៅតំបន់ហ្គាហ្សា បានបាញ់គ្រាប់រ៉ុក្កែតទៅលើតំបន់ភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ រយៈពេល១ថ្ងៃក្រោយបទឈប់បាញ់សម្របសម្រួលដោយអេហ្ស៊ីប បានបញ្ចប់សង្រ្គាមឆ្លងព្រំដែនរយៈពេល៥ថ្ងៃ ហើយក្រុមជីវពលប៉ាឡេស្ទីន និយាយថា ការបាញ់គ្រាប់រ៉ុក្កែតនេះ មានកំហុសបច្ចេកទេស ៕

