កោះកុង៖ លោកជំទាវអភិបាលខេត្តកោះកុង និងក្រុមការងារជំនាញទទួលបន្ទុកគម្រោង បានចុះត្រួតពិនិត្យស្ថានភាពបច្ចុប្បន្ននៃការស្ថាបនាផ្លូវជាតិលេខ៤៨ ខណៈគិតត្រឹមខែមេសា កន្លងទៅ សម្រេចបាន ២៥.៥៧ភាគរយ។
លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង លោកស្រី អ៊ី នារីនេត អភិបាលរងខេត្ត និងក្រុមអ្នកជំនាញការសាងសង់ បានពិនិត្យពីស្ថានភាពជាក់ស្តែងនៃការស្ថាបនាកំណាត់ផ្លូវជាតិលេខ៤៨ ធ្វើឡើងប្រមាណ៥ទីតាំងផ្សេងៗ ចាប់ពីស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ។
លោកស្រី អ៊ី នារីនេត អភិបាលរងខេត្តកោះកុង បានឱ្យដឹងនៅល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ថា ដំណើរចុះពិនិត្យការដ្ឋានផ្លូវជាតិលេខ៤៨នេះ ក្នុងគោលបំណងដើម្បីដឹងពីវឌ្ឍនៈភាពនៃសកម្មភាពស្ថាបនាផ្លូវបានដល់កម្រិតណា។ មានបញ្ហាប្រឈមអ្វីខ្លះ និងអាចអនុវត្តសម្រេចបានទៅតាមផែនការគម្រោងដែរ ឬយ៉ាងណា។
បើតាមលោកស្រី អ៊ី នារីនេត គិតត្រឹមខែមេសា ឆ្នាំ២០២៣ ក្រុមការងារជំនាញ បានអនុវត្តគម្រោងស្ថាបនាផ្លូវជាតិលេខ៤៨ បាន ២៥.៥៧ភាគរយហើយ ដោយអាជ្ញាធរខេត្តបន្តជំរុញធ្វើយ៉ាងដល់ក្រុមអ្នកជំនាញបង្កើនពន្លឿនសាងសង់ ខណៈរដូវវស្សាចូលដល់។
គួរកត់សម្គាល់ថា កំណាត់ផ្លូវជាតិលេខ៤៨ មានស្ថានភាពបត់បែន និងឡើងចុះចំណាតច្រើន ដោយទីតាំងខ្លះត្រូវប្រើពេលវេលាជីកកាយជ្រលងថ្មធំៗ ទីតាំងខ្លះតម្រូវឱ្យមានការវាងចំណាតកោងខ្លាំង និងជាពិសេសរដូវវស្សាពិបាកសាងសង់ ទើបធ្វើឱ្យដំណើរការហាក់យឺតយ៉ាវបន្តិច។
គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែង១៤៨គីឡូម៉ែត្រ ពីចំណុចប្រសព្វផ្លូវជាតិលេខ៤ អូរជ្រៅ-ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រោមជំនួយរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ចំនួន៧៨ដុល្លារអាម៉េរិក ត្រូវបានចាប់ផ្តើមដំណើរការ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២។
កន្លងទៅឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់អះអាងថា ផ្លូវជាតិលេខ៤៨នេះ នឹងជួយជំរុញ សក្តានុពលតំបន់ទេសចរណ៍នៅក្នុងខេត្តកោះកុងបន្ថែមទៀត ក៏ដូចជាតំបន់ទេសចរណ៍គីរីសាគរ ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់មួយ នៅភាគនិរតីនៃកម្ពុជា។
តាមរយៈផ្លូវជាតិដ៏មានសក្តានុពលនេះ ក៏នឹងជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងតំបន់ជាប់ព្រំប្រទល់ជាមួយប្រទេសជិតខាង ដោយរំពឹងបាននូវការទាក់ទាញវិនិយោគិន និងជំរុញការនាំចេញនៅតំបន់សេដ្ឋកិច្ចពិសេសចំនួន៤ ដែលស្ថិតនៅតាមបណ្តោយផ្លូវនេះ៕ អត្ថបទ៖ ឈឹម មករា