
យោងតាមមន្រ្តីរដ្ឋាភិបាលក្នុងតំបន់ បានឲ្យដឹងថា ក្រុមអ្នករុករកអ្នករស់រានមានជីវិត និងជនរងគ្រោះពីការបង្អត់បាយខ្លួនឯង រហូតដល់ស្លាប់នៅព្រៃ Shakahola ប្រទេសកេនយ៉ា បានរកឃើញសាកសពមនុស្ស ២២នាក់បន្ថែមទៀត ។ ការរកឃើញនេះ បានធ្វើឲ្យចំនួនមនុស្សស្លាប់សរុបក្នុងសោកនាដកម្មដ៏អាក្រក់បំផុតនៅក្នុងប្រទេសមួយនេះ កើនឡើងដល់ ២០១នាក់។
អ្នកស្រី Rhodah Onyancha គឺជាស្នងការក្នុងតំបន់ និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅព្រៃ Shakaholaថា ក្រុមកោលស្យវិច្ច័យ បានរកឃើញសាកសពមនុស្ស ២២នាក់បន្ថែមទៀត កាលពីថ្ងៃសៅរ៍។
ប្រតិបត្តិការរុករក នៅតែបន្តនៅក្នុងព្រៃ ស្ថិតនៅភាគនិរតីប្រទេសកេនយ៉ា អ្នកស្រីបន្តថា ជនសង្ស័យម្នាក់បន្ថែមទៀត ត្រូវបានចាប់ខ្លួន ធ្វើឲ្យចំនួនមនុស្សដែលត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងការស្លាប់នេះ កើនឡើងដល់ ២៦នាក់។
ពេញមួយសប្តាហ៍កន្លងមកនេះ ក្រុមអាជ្ញាធរ បានជីកផ្នូររួមរាក់ៗពាសពេញព្រៃ ដើម្បីរកមើលសាកសព និងរកសុសសព្វគ្រប់ទីកន្លែង ដើម្បីស្វែងរកអ្នករស់រានមានជីវិត ស្របពេលដែលមនុស្សរាប់រយនាក់ផ្សេងទៀត ត្រូវបានគេរាយការណ៍ថា បានបាត់ខ្លួន ។
កាលពីថ្ងៃសុក្រសប្តាហ៍មុន សាកសពមនុស្ស ២៩នាក់ ត្រូវបានរកឃើញ រួមទាំងកុមារ ១២នាក់ផងដែរ ដែលត្រូវបានគេរកឃើញនៅក្នុងផ្នូរតែមួយ ។
ដោយឡែក កាលពីថ្ងៃពុធ តុលាការកេនយ៉ា បានច្រានចោលប្រាក់តម្កល់ឲ្យនៅក្រៅឃុំសម្រាប់លោក Paul Mackenzie ដែលជាគ្រូគង្វាល និងជាមេដឹកនាំព្រះវិហារ Good News International និងរងការចោទប្រកាន់ថាបានបញ្ជាឲ្យសាវ័ករបស់លោកបង្អត់បាយខ្លួនឯង និងកូនៗរបស់ពួកគេរហូតដល់ស្លាប់ ដើម្បីឲ្យពួកគេអាចទៅកាន់ឋានសួគ៌ មុនទីអវសានចុងក្រោយរបស់ពិភពលោក ៕