
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លំាងអ៊ុយក្រែនមានការប៉ុនប៉ងប្រើកម្លាំងប្រមូលផ្តុំទ្រង់ទ្រាយធំដើម្បីទម្លុះរបាំងការពាររបស់ខ្លួន នៅទីក្រុង Bakhmut ភាគខាងកើតរយៈពេល ២៤ម៉ោងកន្លងទៅនេះ ខណៈការដាក់សម្ពាធលើកងទ័ពរបស់ខ្លួន បានបន្តវាយរុលទៅមុខ។
ក្រសួងបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា អ៊ុយក្រែន បានធ្វើការវាយប្រហារនៅភាគខាងជើង និងខាងត្បូងទីក្រុង ប៉ុន្តែការវាយប្រហារនោះ ពួកគេពុំបានវាយទម្លុះរបាំងការពាររបស់រុស្ស៊ីនោះទេ។
ការវាយប្រហារទាំងអស់ ធ្វើឡើងដោយអង្គភាពរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ត្រូវបានវាយរុញច្រានឲ្យដកថយវិញ។ ភាគីទាំងពីរពុំអាចទទួលបានការគ្រប់គ្រងពេញលេញទីក្រុង Bakhmut ឡើយ ទោះបីមានរយៈពេលជាច្រើនខែនៃសង្គ្រាមដ៏សន្ធាប់ ដែលបានបណ្តាលឲ្យមានការបាត់បង់ជីវិតច្រើននៅភាគីទាំងសងខាង។
កាលពីថ្ងៃសុក្រទីក្រុងមូស្គូ បានទទួលស្គាល់ថា កងកម្លាំងរបស់ខ្លួនបានដកថយចេញពីភាគខាងជើងទីក្រុង ក្នុងពេលមានការកើនឡើងការវាយប្រហាររបស់អ៊ុយក្រែន ប៉ុន្តែទីក្រុងគីវ បានព្យាយាមនិយាយសម្រាលការលើកឡើងពីការវាយបកតាមផែនការរយៈពេលវែង និងទ្រង់ទ្រាយធំ ដែលបានចាប់ផ្តើមជាផ្លូវការនោះ។
