
យោងតាមរបាយការណ៍របស់ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌(OCHA) បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា មនុស្សយ៉ាងហោចណាស់ ៦៧៦នាក់ បានស្លាប់ដោយសារតែការប៉ះទង្គិចគ្នារវាងកងទ័ពជាតិស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស(RSF)។
ការិយាល័យបាននិយាយថា ការប៉ះទង្គិចគ្នា រវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស បានបន្តរយៈពេល៣០ថ្ងៃជាប់ៗគ្នា ជាពិសេសនៅក្នុងនិងជុំវិញទីក្រុង Khartoum បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៦៧៦នាក់ស្លាប់ និងរងរបួស ៥.៥៧៦នាក់។
យោងតាមរបាយការណ៍បានឲ្យដឹងថា មនុស្សជាង ៩៣៦.០០០នាក់ បានជម្លៀសខ្លួនកាលពីពេលថ្មីនេះ ដោយសារតែជម្លោះ ចាប់តាំងពីថ្ងៃទី១៥ ខែមេសា រួមទាំង៧៣៦.២០០នាក់ បានជម្លៀសខ្លួននៅក្នុងប្រទេស ហើយមនុស្ស ២០០.០០០នាក់ផ្សេងទៀត បានស្វែងរកទីជម្រកនៅក្នុងប្រទេសជិតខាង។
អង្គការសហប្រជាជាតិបាននិយាយថា វាត្រូវបានប៉ាន់ប្រមាណថាប្រជាជនស៊ូដង់ប្រមាណ១៥.៨លាននាក់ ឬប្រមាណ១ភាគ៣ នៃចំនួនប្រជាជនស៊ូដង់ នឹងត្រូវការជំនួយមនុស្សធម៌នៅក្នុងឆ្នាំ២០២៣ ហើយតួលេខនេះ ទំនងជានឹងកើនឡើ់ងដោយសារតែសង្គ្រាម។
កាលពីថ្ងៃទី១១ ខែឧសភា ភាគីជម្លោះនៅស៊ូដង់ បានចុះហត្ថលេខា នៅទីក្រុងកំពង់ផែ Jeddah ប្រទេសអារ៉ាប៊ីសាអូឌីតលើសេចក្តីប្រកាសការប្តេជ្ញាចិត្តដើម្បីការពារជនស៊ីវិលស៊ូដង់ក្នុងការសម្របសម្រួលការដឹកជញ្ជូនជំនួយមនុស្សធម៌បន្ទាន់ និងដើម្បីធានាបានការជម្លៀសជនស៊ីវិលដោយសុវត្ថិភាព៕
