
លោក Hector Elias Flores Aceves គឺជាមេដឹកនាំគ្រឿងញៀនដ៏សំខាន់មួយរូប របស់ក្រុមឧក្រិដ្ឋកម្ម Sinaloa នៅទីក្រុង Cancun ត្រូវបានចាប់ខ្លួនដោយក្រុមអាជ្ញាធរម៉ិកស៊ិកនៅរដ្ឋ Sinaloa និងត្រូវបានបញ្ជូន ទៅដាក់ពន្ធនាគារ នៅរដ្ឋ Quintana Roo កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ។
កាលពីខែមេសាកន្លងទៅ ការិយល័យរដ្ឋអាជ្ញារដ្ឋ Quintana Roo បានចេញដីការចាប់ខ្លួន និងផ្តល់ប្រាក់រង្វាន់ ១លានប៉េស៊ូ(ស្មើនឹង ៥៦.៨០០ដុល្លារអាមេរិក) សម្រាប់ការផ្តល់ដំណឹងនាំទៅរកចាប់ខ្លួនមេក្រុមអន្ធពាលនេះ។
បុរសដែលត្រូវបានឃាត់ខ្លួនម្នាក់នេះ រងការចោទប្រកាន់ថាបានបញ្ជាការវាយប្រហារ និងប្រហារជីវិតក្រុមឧក្រិដ្ឋកម្មដែលវាយដណ្តើមទឹកដីនៅតំបន់ទេសចរណ៍ក្នុងរដ្ឋ Quintana Roo។
ក្រុមអាជ្ញាធររដ្ឋ បានចោទប្រកាន់លោក Aceves ថាបានប្រហារជីវិតមនុស្សជាច្រើនកាលពីអំឡុងខែមេសា រួមទាំងជាឃាតកសម្លាប់មនុស្ស ៤នាក់នៅក្រៅសណ្ឋាគារក្រុង Cancun។
ប្រតិបត្តិការដោយសមាជិកកងទ័ពជើងទឹក និងឆ្មាំជាតិម៉ិកស៊ិក បានឈានទៅរកការចាប់ខ្លួនមេដឹកនាំគ្រឿងញៀនម្នាក់នេះនៅទីក្រុង Guamuchil រដ្ឋ Sinaloa៕