នេប៉ាល់៖ នៅថ្ងៃព្រហស្បតិ៍នេះ អ្នកដំណើរបាននាំគ្នាសម្រុកឡើងជើងហោះហើរចុងក្រោយរបស់ពួកគេចេញពីប្រទេសនេប៉ាល់ មុនពេលមានបំរាមធ្វើដំណើរអន្តរជាតិ ដែលនឹងចូលជាធរមាននៅដំណាច់ថ្ងៃនេះ។
ជើងហោះហើរទាំងអស់ នឹងត្រូវផ្អាកជាបណ្ដោះអាសន្ន ស្របពេលមានរលកដ៏គ្រោះថ្នាក់នៃករណីឆ្លងជំងឺ COVID-19នៅក្នុងប្រទេសឥណ្ឌា។
ជើងហោះហើរភាគច្រើនទាំងចេញ និងចូលប្រទេសនេប៉ាល់ ត្រូវឆ្លងកាត់ប្រទេសឥណ្ឌា។
ដោយឡែក ជើងហោះហើរក្នុងស្រុក ត្រូវបានផ្អាកកាលពីដើមសប្តាហ៍នេះ។
ខណៈពេលនោះដែរ ក្រុមអាជ្ញាធរ បានបន្តការបិទទីក្រុងនៅក្នុងរដ្ឋធានីកដ្ឋម៉ាន់ឌូ និងសង្កាត់ជុំវិញទីនោះ រយៈពេល១សប្តាហ៍បន្ថែមទៀត ស្របពេលដែលប្រទេសនេប៉ាល់ រាយការណ៍ករណីឆ្លង និងករណីស្លាប់ប្រចាំថ្ងៃខ្ពស់បំផុត។
កាលពីថ្ងៃពុធម្សិលមិញ ប្រទេសនេប៉ាល់ បានរាយការណ៍ករណីឆ្លងថ្មីជំងឺ COVID-19ចំនួន ៨.៦០៥នាក់ និងករណីស្លាប់ ៥៨នាក់។
ប្រទេសនេប៉ាល់ រាយការណ៍ករណីឆ្លងសរុបចំនួន ៣៥៩.៦១០នាក់ ស្របពេលដែលមនុស្ស ៣.៤៧៥នាក់ បានស្លាប់ ដោយសារតែជំងឺ COVID-19៕ អត្ថបទ៖ សារ៉ាត់