
នៅទីក្រុង Santa Juana ភាគខាងត្បូងប្រទេសឈីលី ដែលរងគ្រោះខ្លាំងដោយភ្លើងឆេះព្រៃកាលពីដើមឆ្នាំនេះ តំបន់ទាំងនេះមានក្រុមការងារពិសេសជួយប្រយុទ្ធនឹងភ្លើងគឺ ពពែមួយហ្វូង។
សត្វពពែជាច្រើនបានជួយសង្គ្រោះព្រៃជាតិនៃភ្នំ Bosques de Chacay ម្តងរួចមកហើយ ដោយការពារឧទ្យាននេះពីការឆាបឆេះដោយសារភ្លើងឆេះព្រៃកាលខែកុម្ភៈ ដែលបង្កឡើងដោយរលកកំដៅ និងគ្រោះរាំងស្ងួតដែលបណ្តាលឱ្យមនុស្សរាប់សិបនាក់ស្លាប់ រាប់ពាន់នាក់រងរបួស និងផ្ទៃដីទំហំជិត ៤៤០.០០០ ហិកតា ត្រូវបានបំផ្លាញនៅភាគកណ្តាលឆៀងខាងត្បូងនៃប្រទេសឈីលី។
បច្ចេកទេសនេះ ក៏ត្រូវបានប្រើប្រាស់នៅក្នុងប្រទេសព័រទុយហ្គាល់ និងអេស្បាញផងដែរ ដោយពឹងផ្អែកលើសត្វពពែស៊ីស្មៅដើម្បីគ្រប់គ្រងវាលស្មៅស្ងួត និងបន្លែផ្សេងៗទៀតដែលបណ្ដាឲ្យមានភ្លើងឆេះព្រៃនៅរដូវក្តៅ។ ការដាក់ពង្រាយសត្វពពែក៏ជួយធ្វើដីមានជីជាតិ និងការពារការរេចរឹលទៀតផង។
អ្នកនាង Cruces បានចាប់ផ្តើមគម្រោងនេះបន្ទាប់ពីហេតុការណ៍ភ្លើងឆេះព្រៃប្រកបដោយគ្រោះថ្នាក់ក្នុងឆ្នាំ២០១៧។ ហ្វូងពពែរបស់នាងបានកើនឡើងពី ១៦ ក្បាលដល់ ១៥០ក្បាល ហើយនាងសង្ឃឹមថានឹងជំរុញទឹកចិត្តអ្នកដទៃឱ្យធ្វើតាមដែរ។
"យើងមានទំនុកចិត្តជាងពេលណាទាំងអស់ដែលវិធីសាស្ត្រនេះដំណើរការ ហើយយើងចង់ចែករំលែកវាជាមួយតំបន់ផ្សេងទៀត ដើម្បីបង្កើតការការពារបរិស្ថានពីចំហេះព្រៃ"៕
