ព្យុះស៊ីក្លូន Mocha បានបោកបក់កាត់សហភាពមីយ៉ាន់ម៉ា និងភាគអាគ្នេយ៍នៃប្រទេសបង់ក្លាដែស កាលពីថ្ងៃអាទិត្យ ដោយបានបំផ្លិចបំផ្លាញជំរុំជនភៀសខ្លួន នៅក្នុងទីក្រុង Cox's Bazar និងនាំមកនូវការកើនឡើងនៃខ្យល់ព្យុះ ដែលបោកបក់មួយវឹបចំពោះតំបន់ភាគខាងលិចរបស់មីយ៉ាន់ម៉ា ដែលជាកន្លែងទំនាក់ទំនងភាគច្រើនត្រូវបានកាត់ផ្តាច់។
យោងតាមព័ត៌មានបឋម បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៦នាក់ ត្រូវបានរាយការណ៍ថា បានស្លាប់ នៅទូទាំងប្រទេសមីយ៉ាន់ម៉ា។
ព្យុះស៊ីក្លូននេះ បានបោកបក់លើដីនៅចន្លោះទីក្រុង Cox's Bazar និងទីក្រុង Sittwe ប្រទេសមីយ៉ាន់ម៉ា ដោយមានកម្លាំងខ្យល់បក់ដល់ទៅ ១៩៥គីឡូម៉ែត្រក្នុងមួយម៉ោង ជាព្យុះដ៏ធំបំផុត ដែលបានវាយប្រហារឈូងសមុទ្រ Bengal ក្នុងរយៈពេលជាងមួយទសវត្សរ៍នេះ។
គិតត្រឹមល្ងាចថ្ងៃអាទិត្យ ខ្យល់ព្យុះបានកន្លងផុតទៅភាគច្រើន ហើយការិយាល័យអាកាសធាតុបាននិយាយថា វានឹងថមថយកម្លាំង នៅពេលដែលវាបុកនឹងភ្នំនៃផ្នែកខាងក្នុងទឹកដីរបស់មីយ៉ាន់ម៉ា។
ស្នងការផ្តល់ជំនួយសង្គ្រោះ និងធ្វើមាតុភូមិនិវត្តន៍ (RRRC) លោក Mohammed Mizanur Rahman បាននិយាយថា ជម្រកបណ្តោះអាសន្នប្រមាណ ៤០០-៥០០ ត្រូវបានខូចខាតនៅក្នុងជំរុំស្នាក់នៅរបស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង ១,២លាននាក់ នៅក្នុងទីក្រុង Cox's Bazar របស់ប្រទេសបង់ក្លាដែស ប៉ុន្តែមិនមានរបាយការណ៍ភ្លាមៗអំពីជនរងគ្រោះនោះទេ៕