
យោងតាមព័ត៌មានថ្មីចុងក្រោយ ដែលកំពុងកើតឡើង បានឲ្យដឹងថា កុមារត្រូវបានកំណត់គោលដៅថា ជាអ្នកដំបូងដែលតម្រូវឲ្យបង្អត់អាហារឯងរហូតដល់ស្លាប់ នៅក្នុងថ្ងៃចុងក្រោយនៃជំនឿពិភពលោកវិនាសតាមបែបសាសនាគ្រិស្ត នៅប្រទេសកេនយ៉ា។
មកទល់ពេលនេះ នគរបាលដែលស៊ើបអង្កេតលើករណីធ្វើអត្តឃាតដ៏ធំមួយ បានរកឃើញសាកសពចំនួន ២០១នាក់ នៅក្នុងព្រៃមួយ នៅភាគអាគ្នេយ៍របស់ប្រទេសនេះ។
អតីតគ្រូផ្តល់ឱវាទនៃពិធីសាសនានេះ លោក Titus Katana បានប្រាប់កាសែត New York Times ថា កុមារត្រូវបានសម្លាប់ជាមុន ដោយបានបញ្ជាឲ្យ «អត់អាហាររនៅក្រោមកម្ដៅព្រះអាទិត្យ ដើម្បីឲ្យពួកឆាប់ស្លាប់»។ បន្ទាប់មក ស្ត្រី និងបុរស នឹងក្លាយជាអ្នកបន្ត ក្នុងវិធីធ្វើអត្តឃាតនេះ។
លោក Katana ដែលកំពុងជួយនគរបាលក្នុងការស៊ើបអង្កេតនោះ ក៏បានរៀបរាប់ប្រាប់កាសែត Sunday Times ផងដែរពីការប្រព្រឹត្តដ៏ឃោរឃៅលើកុមារទាំងនេះ ដោយនិយាយថា ពួកគេត្រូវបានបង្ខាំងទុកក្នុងខ្ទមអស់រយៈពេល ៥ថ្ងៃ ដោយមិនទទួលបានអាហារ ឬទឹកសូម្បីបន្តិច។
មានការលើកឡើងថា អ្នកបដិបត្តិតាមសាសនានេះ ត្រូវបានគេប្រាប់ថា ពួកគេនឹងបានឡើងឋានសួគ៌កាន់តែឆាប់ ប្រសិនបើពួកគេអត់អាហាររហូតដល់ស្លាប់។ ការធ្វើកោសល្យវិច្ច័យជាផ្លូវការលើសាកសពមួយចំនួននៅក្នុងកសិដ្ឋាន Shakahola ដ៏ធំទូលាយ នៅជិតទីក្រុងឆ្នេរសមុទ្រ Malindi បានរកឃើញពីភិនភាគនៃស្លាប់ដោយអត់អាហារ ការថប់ដង្ហើម និងការវាយដំ។
មនុស្សជាង ៦០០នាក់ ដែលត្រូវបានគេរាយការណ៍ថា ជាសមាជិកនៃក្រុមជំនឿពិភពលោកវិនាស ដែលត្រូវបានចោទប្រកាន់ថា ដឹកនាំដោយគ្រូគង្វាល លោក Paul Mackenzie នៅបាត់ខ្លួននៅឡើយ៕
