នូវ៉ែលហ្សេឡង់៖ នាយករដ្ឋមន្ត្រីប្រទេសនូវ៉ែលហ្សេឡង់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា មនុស្សយ៉ាងហោចណាស់៦នាក់ស្លាប់ និងច្រើននាក់ផ្សេងទៀតនៅបាត់ខ្លួននៅឡើយ បន្ទាប់ពីមានអគ្គិភ័យឆាបឆេះសណ្ឋាគារមួយកន្លែង។

អង្គភាពសេវាសង្គ្រោះបន្ទាន់ ត្រូវបានគេទូរស័ព្ទហៅមកកាន់សណ្ឋាគារកម្ពស់៤ជាន់ នៅក្នុងទីក្រុង Wellington ក្រោយពាក់កណ្តាលអាធ្រាត្រយប់ថ្ងៃចន្ទ។ មនុស្សរាប់សិបនាក់ត្រូវបានជួយសង្គ្រោះចេញពីអគារ ប៉ុន្តែនគរបាលនិយាយថាមនុស្សមួយចំនួននៅបាត់ខ្លួននៅឡើយ។
លោក Chris Hipkins បានព្រមានថាចំនួនអ្នកស្លាប់ទំនងជានឹងកើនឡើង។ នៅពេលមកដល់កន្លែងកើតហេតុ ក្រុមអ្នកពន្លត់អគ្គិភ័យ បានឃើញនៅអគារជាន់ខាងលើមានអណ្តាតភ្លើងឆាបឆេះ ហើយយ៉ាងហោចណាស់រថយន្តពន្លត់អគ្គិភ័យ២០គ្រឿងបានចូលរួមជួយពន្លត់អគ្គិភ័យនេះ។

មេបញ្ជាការតំបន់ ផ្នែកអគ្គិភ័យនិងសង្គ្រោះបន្ទាន់ លោក Nick Pyatt បានរៀបរាប់ពីអគ្គិភ័យ ថាជាសុបិនអាក្រក់បំផុតនៅទីក្រុង Wellington ។
សារព័ត៌មានThe New Zealand Herald បានរាយការណ៍ថា នគរបាលបានព្រមានថា ពួកគេពុំអាចបញ្ជាក់ច្បាស់បន្ថែមទៀតលើចំនួនអ្នកស្លាប់បាននោះទេរហូតដល់ពួកគេអាចចូលទៅដល់ក្នុងអគារ។ លោក Pyatt និយាយថា អគារនេះ មានផ្ទុកសារធាតុធន់នឹងចំហេះ និងបានជំរុញឲ្យប្រជាជនពាក់ម៉ាស់ និងបិទបង្អួចដើម្បីជៀសវាងការស្រូបផ្សែង។