រុស្ស៊ី៖ ក្រុមមន្ត្រីរុស្ស៊ីកាលពីថ្ងៃចន្ទ បានថ្កោលទោសការអត្ថាធិប្បាយរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ដែលថាទីក្រុងម៉ូស្គូកំពុងក្លាយជាអ្នកដើរតាមប្រទេសចិន ដោយលើកឡើងថា បណ្តាប្រទេសលោកខាងលិចត្រូវតែស៊ាំនឹងពិភពលោក ដែលគាំទ្រដោយទំនាក់ទំនងយ៉ាងស្អិតល្មួតរបស់វិមានក្រឹមឡាំងជាមួយទីក្រុងប៉េកាំង។
ការរិះគន់របស់រុស្ស៊ីបានផ្តោតលើបទសម្ភាសន៍មួយរបស់លោកម៉ាក្រុង ជាមួយកាសែតចេញប្រចាំថ្ងៃ «l'Opinion» នៅក្រុងប៉ារីស ដែលលោកបានបរិហារភាពឯកោរបស់វិមានក្រឹមឡាំងថា កើតឡើងដោយសារការលុកលុយរបស់របស់ខ្លួនទៅលើប្រទេសអ៊ុយក្រែន កាលពីជាង១៤ខែមុន។

លោកម៉ាក្រុង ត្រូវបានគេដកស្រង់សម្តីថា៖ «(រុស្ស៊ី) តាមជាក់ស្ដែង បានចាប់ផ្តើមទម្រង់នៃឥរិយាបថរណបជាមួយរបស់ប្រទេសចិន ហើយបានបាត់បង់សិទ្ធិចូលទៅកាន់តំបន់បាល់ទិក ដែលមានសារៈសំខាន់ចំពោះខ្លួន ដោយសារខ្លួនបានជំរុញឲ្យមានការសម្រេចចិត្តពីប្រទេសស៊ុយអែត និងហ្វាំងឡង់ ដើម្បីចូលរួមជាមួយសម្ព័ន្ធយោធាណាតូ។ នេះជារឿងមិននឹកស្មានដល់នោះឡើយ កាលពីពីរឆ្នាំមុន»។
សង្គ្រាមពាក្យសម្ដីនេះ ហាក់ដូចជាផ្តោតទៅលើកិច្ចពិភាក្សានៅទីក្រុងម៉ូស្គូ ក្នុងខែមីនា រវាងមេដឹកនាំវិមានក្រឹមឡាំង លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) និងប្រធានាធិបតីចិន លោក ស៊ី ជីងភីង (Xi Jinping) ដែលថ្នាក់ដឹកនាំទាំងពីរនេះ បាននិយាយថា ពួកគេកំពុងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួនឲ្យកាន់តែស៊ីជម្រៅតាមរយៈការចូលទៅក្នុង «យុគសម័យថ្មី» នៃទំនាក់ទំនង។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោកឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) បាននិយាយថា ទំនាក់ទំនងរបស់រុស្ស៊ីជាមួយចិន គឺជាដៃគូយុទ្ធសាស្ត្រ ហើយមិនមានអ្វីពាក់ព័ន្ធនឹងការពឹងផ្អែកនោះឡើយ៕
