អាមេរិក៖ ប្រធានជំនួយរបស់អង្គការសហប្រជាជាតិ ឬ UN បាននិយាយកាលពីថ្ងៃចន្ទថា កិច្ចប្រឹងប្រែងនឹងបន្តនៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីបន្តកិច្ចព្រមព្រៀងដែលអនុញ្ញាតឲ្យការនាំចេញគ្រាប់ធញ្ញជាតិរបស់ប្រទេសអ៊ុយក្រែនប្រកបដោយសុវត្ថិភាព នៅសមុទ្រខ្មៅ ជាកិច្ចព្រមព្រៀងដែលរុស្ស៊ីបានគំរាមថា នឹងចាកចេញនៅថ្ងៃទី១៨ ខែឧសភា ដោយសារមានការពិបាក ចំពោះការនាំចេញគ្រាប់ធញ្ញជាតិ និងជីរបស់ខ្លួន។
អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ បាននិយាយថា នាវាពីរគ្រឿងចុងក្រោយ នឹងត្រៀមចាកចេញពីកំពង់ផែរបស់ប្រទេសអ៊ុយក្រែន នៅថ្ងៃអង្គារនេះ ក្រោមកិច្ចព្រមព្រៀងសមុទ្រខ្មៅ។
លោក Martin Griffiths បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីប្រទេសអ៊ុយក្រែនថា៖ «ការបន្តគំនិតផ្តួចផ្តើមសមុទ្រខ្មៅ មានសារៈសំខាន់ខ្លាំងណាស់។ យើងនឹងបន្តអំពាវនាវគ្រប់ភាគីទាំងអស់ឲ្យបំពេញការទទួលខុសត្រូវរបស់ខ្លួន ខណៈដែលពិភពលោកកំពុងតាមមើលយើងយ៉ាងយកចិត្តទុកដាក់»។

អង្គការសហប្រជាជាតិ និងប្រទេសទួរគី បានរៀបចំសម្របសម្រួលឲ្យមានកិច្ចព្រមព្រៀងសមុទ្រខ្មៅ កាលពីខែកក្កដាឆ្នាំមុន ដើម្បីជួយដោះស្រាយវិបត្តិស្បៀងអាហារសកល ដែលកាន់តែធ្ងន់ធ្ងរឡើងដោយសារការវាយលុករបស់ទីក្រុងម៉ូស្គូមកលើអ៊ុយក្រែន ដែលជាប្រទេសនាំចេញគ្រាប់ធញ្ញជាតិឈានមុខគេមួយរបស់ពិភពលោក។ ក្នុងពេលជាមួយគ្នានោះ អង្គការសហប្រជាជាតិបានយល់ព្រមជួយទីក្រុងម៉ូស្គូ ក្នុងការសម្រួលដល់ការដឹកជញ្ជូនកសិផលរបស់ខ្លួន។
លោក Griffiths បានជួបប្រជុំគ្នានៅទីក្រុងអ៊ីស្តង់ប៊ុលប្រទេសទួរគី កាលពីសប្តាហ៍មុន ជាមួយមន្ត្រីជាន់ខ្ពស់មកពីប្រទេសរុស្ស៊ី អ៊ុយក្រែន និងទួរគី ប៉ុន្តែមិនមានការព្រមព្រៀងពីប្រទេសរុស្ស៊ី ក្នុងការបន្តកិច្ចព្រមព្រៀងសមុទ្រខ្មៅនោះឡើយ៕