ទួរគី៖ ប្រទេសទួរគី នឹងរៀបចំការបោះឆ្នោតបន្តនៅថ្ងៃទី២៨ខែឧសភា បន្ទាប់ពីមេដឹកនាំកាន់តំណែងជាច្រើនអាណត្តិលោក Recep Tayyip Erdogan ត្រូវបានបង្ខំឲ្យចូលក្នុងជុំទី២ ដោយមានសំឡេងនាំមុខគូប្រជែងរបស់លោក តិចតួចគឺលោក Kemal Kilicdaroglu។

ពុំមានបេក្ខជនណាមួយទទួលបានសំឡេងគាំទ្រដែលត្រូវការចំនួន ៥០% ដើម្បីកាន់តំណែងប្រធានាធិបតីទាំងស្រុងនោះទេ បន្ទាប់ពីហិបឆ្នោតត្រូវបានបើក១០០% នេះបើយោងតាមក្រុមប្រឹក្សាបោះឆ្នោតជាន់ខ្ពស់របស់ប្រទេសទួរគី។ ប្រធានក្រុមប្រឹក្សាលោក Ahmet Yener បាននិយាយថា ហិប ឆ្នោតទាំងអស់នៅក្នុងប្រទេសត្រូវបានបើក ហើយអត្រាអ្នកទៅបោះឆ្នោតមាន៨៨,៩២% ។
ប៉ុន្តែ ពេលនេះលោក Kilicdaroglu ប្រឈមសមរភូមិដ៏លំបាក ដើម្បីយកឈ្នះការបោះឆ្នោតនៅជុំទី២ បន្ទាប់ពីលោក Erdogan ទទួលបានប្រជាបិ្រយភាពខ្ពស់ជាងក្នុងការស្ទង់មតិការបោះឆ្នោតដែលបានលើកឡើងមុនការបោះឆ្នោត។
លោក Ahmet Yenerប្រធានក្រុមប្រឹក្សាបោះឆ្នោតជាន់ខ្ពស់របស់ប្រទេសទួរគី បាននិយាយថា លទ្ធផលផ្លូវការនៃការបោះឆ្នោតសម្រាប់ប្រទេសទួរគីនឹងត្រូវប្រកាសនៅថ្ងៃសុក្រសប្ដាហ៍នេះ៕