ចិន៖ ពលរដ្ឋអាមេរិកវ័យ៧៨ឆ្នាំលោក John Shing-Wan Leung ដែលជាអ្នករស់នៅអចិន្ត្រៃយ៍ ក្នុងទីក្រុងហុងកុង ត្រូវបានតុលាការចិនកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទចារកម្ម កាលពីថ្ងៃចន្ទ។
តុលាការនៅភាគអាគ្នេយ៍នៃទីក្រុង Suzhou មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីការចោទប្រកាន់លើរូបលោកនោះឡើយ។ យោងព័ត៌មានចេញពីតុលាការ បានឲ្យដឹងថា លោក Leung ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងនេះ កាលពីពីរឆ្នាំមុន ដោយការិយាល័យ ក្នុងតំបន់នៃទីភ្នាក់ងារប្រឆាំងការស៊ើបការណ៍សម្ងាត់របស់ប្រទេសចិន។

តាមសេចក្តីថ្លែងការណ៍របស់តុលាការប្រជាជនកម្រិតមធ្យម ដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម WeChat បានសរសេរថា៖ «គាត់ (លោក Leung) ត្រូវបានរកឃើញថា មានទោសពីបទចារកម្ម ដោយគាត់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិត [និង] ដកហូតសិទ្ធិធ្វើនយោបាយអស់មួយជីវិត»។
គេមិនទាន់ដឹងច្បាស់ទេថា លោក Leung រស់នៅទីណា ក្នុងពេលចាប់ខ្លួននោះទេ។ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំទីក្រុងប៉េកាំង បាននិយាយថា ពួកគេបានដឹងពីដំណឹងនេះហើយ ដោយពួកគេបានបញ្ជាក់ថា ក្រសួងការបរទេសមិនមានអាទិភាពអ្វីធំដំជាងសុវត្ថិភាព និងសន្តិសុខរបស់ពលរដ្ឋអាមេរិក នៅក្រៅប្រទេសនោះឡើយ។
ក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី កាលពីថ្ងៃចន្ទ ក្រសួងការបរទេស បានបដិសេធមិនធ្វើអត្ថាធិប្បាយលើករណីនេះ ដោយលើកឡើងពីការព្រួយបារម្ភអំពីឯកជនភាព។
ការជំនុំជម្រះក្ដីបិទទ្វារគឺជារឿងធម្មតា នៅក្នុងប្រទេសចិន ហើយព័ត៌មានលម្អិតមួយចំនួន ជាធម្មតាត្រូវបានប្រកាសជាសាធារណៈសម្រាប់ករណីរសើប ដូចជាករណីដែលពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទចារកម្មជាដើម៕
