អាមេរិក៖ របាយការណ៍មួយដែលត្រូវបានទន្ទឹងរង់ចាំជាយូរមកហើយ បានរិះគន់យ៉ាងចាស់ដៃលើដំណោះស្រាយរបស់ទីភ្នាក់ងារចារកម្ម FBI ក្នុងការស៊ើបអង្កេតលើការចោទប្រកាន់ពីទំនាក់ទំនងរវាងប្រទេសរុស្ស៊ី និង យុទ្ធនាការបោះឆ្នោតឆ្នាំ២០១៦ របស់លោក Trump។

ក្នុងរបាយការណ៍កម្រាស់៣០៦ទំព័រ រដ្ឋអាជ្ញាពិសេស លោក John Durham បាននិយាយថា ការស៊ើបអង្កេតរបស់ទីភ្នាក់ងារនេះមិនពេញលក្ខណៈតាមការវិភាគ។
លោកបានលើកឡើងថា ទីភ្នាក់ងារ FBI ពុំមានភស្តុតាងជាក់លាក់នៃការឃុបឃិតរវាងយុទ្ធនាការរបស់លោក Donald Trump និងប្រទេសរុស្ស៊ី មុនចាប់ផ្ដើមការស៊ើបអង្កេត។
FBI និយាយថា ខ្លួនបានដោះស្រាយបញ្ហាជាច្រើនដែលបានបង្ហាញនៅក្នុងរបាយការណ៍នេះ។
នៅក្នុងរបាយការណ៍ លោក Durham ដែលត្រូវបានតែងតាំងដោយអតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក William Barr កាលពីឆ្នាំ២០១៩ បានចោទប្រកាន់ទីភ្នាក់ងារ FBI ពីបទប្រមូលព័ត៌មានចារកម្មមិនច្បាស់លាស់ពុំមានវិភាគនិងខ្វះកិច្ចសហការ។
របាយការណ៍នេះ បានបញ្ជាក់ពីភាពខុសប្លែកគ្នាយ៉ាងខ្លាំងលើវិធីដែលទីភ្នាក់ងារ FBI បានដោះស្រាយការស៊ើបអង្កេតលើលោក Trump នៅពេលប្រៀបធៀបទៅនឹងការស៊ើបអង្កេតសំខាន់ៗ ដូចជា ការពាក់ព័ន្ធទៅនឹងគូប្រជែងការបោះឆ្នោតឆ្នាំ២០១៦ របស់លោក គឺលោកស្រី Hillary Clinton៕