ភ្នំពេញ៖ សាធារណរដ្ឋឆែក បានប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយកម្ពុជា លើការកសាងធនធានមនុស្សឲ្យកាន់តែមានសមត្ថភាពខ្ពស់ និងមានជំនាញវិជ្ជាជីវៈ ដែលអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងបរិបទនៃការរីកចម្រើនសេដ្ឋកិច្ច និងបច្ចេកវិទ្យា។
នៅក្នុងជំនួបការងារ រវាងឯកឧត្តម Petr Gandalovic ប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការផ្នែកអភិវឌ្ឍន៍ និងជំនួយមនុស្សធម៌ តំណាងក្រសួងការបរទេសនៃសាធារណរដ្ឋឆែក និងឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតឆែកប្រចាំនៅកម្ពុជា កាលពីព្រឹកថ្ងៃទី១៥ ឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សាធារណរដ្ឋឆែកក្នុងការពង្រឹង និងផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អកន្លងមកលើវិស័យការងារ ជាពិសេសវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងទីភ្នាក់ងារជាតិមុខរបរ និងការងារ។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងរយៈពេលនៃកិច្ចសហប្រតិបត្តិការ៥ឆ្នាំកន្លងមកនេះ រដ្ឋាភិបាលកម្ពុជា ក៏មានកិច្ចសហប្រតិបត្តិការជាមួយអង្គការភីន ដែលជាអង្គការមិនមែនរដ្ឋាភិបាល និងមិនរកប្រាក់ចំណេញនៃប្រទេសឆែក ដែលអនុវត្តលើគម្រោងជំនួយមនុស្សធម៌ គម្រោងអភិវឌ្ឍន៍រយៈពេលវែង កម្មវិធីអប់រំ និងបានចូលមកកម្ពុជាពីឆ្នាំ២០០៨។
ឯកឧត្តម បន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ជំនាញដល់យុវជនគ្រួសារក្រីក្រប្រមាណ១លាន៥សែននាក់ (ស្មើនឹង១៥%នៃកម្លាំងពលកម្មសរុប) តាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលពិសេស ដែលកម្មវិធីនេះគឺជាចំណុចអាទិភាពខ្ពស់មួយដែលក្រសួងការងារកំពុងផ្តោតសំខាន់។
ជាការឆ្លើយតប ឯកឧត្តម Petr Gandalovic បានវាយតម្លៃខ្ពស់ទៅលើការដាក់ចេញនូវគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍជំនាញរបស់យុវជនក្រីក្រនេះ និងបានស្វាគមន៍ក្នុងការផ្តល់កិច្ចសហប្រតិបត្តិការទៅលើគម្រោងនេះផងដែរ។
ឯកឧត្តមបន្តថា កន្លងមក សាធារណរដ្ឋឆែកតែងតែបានផ្តល់ការគាំទ្រទៅលើការអភិវឌ្ឍវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែដើម្បីឱ្យកិច្ចសហប្រតិបត្តិការកាន់តែមានប្រសិទ្ធិភាពទៀតនោះ ភាគីទាំងពីរគួរពិភាក្សាទៅលើការរៀបចំកម្មវិធីសិក្សារបស់ TVET ផងដែរ ពិសេសទៅលើមុខវិជ្ជាជំនាញដែលនឹងមានសក្តានុពលទៅថ្ងៃអនាគត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ដូចជាផ្នែកការកែច្នៃផលិតផលកសិកម្មជាដើម។
ភាគីទាំងពីរបានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការកន្លងមក ហើយបានប្តេជ្ញាក្នុងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតទៅលើការកសាងធនធានមនុស្សឲ្យកាន់តែមានសមត្ថភាពខ្ពស់ មានជំនាញវិជ្ជាជីវៈ ដែលអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងបរិបទនៃការរីកចម្រើនសេដ្ឋកិច្ច និងបច្ចេកវិទ្យា៕អត្ថបទ៖ ឈិត បូរ៉ាវី