ថៃ៖ អនុប្រធានគណបក្សរួមសាងជាតិថៃលោក Thanakorn Wangboonkongchana និយាយកាលពីថ្ងៃចន្ទថា លោកមិនគិតថាលោកនាយករដ្ឋមន្រ្តីកំពុងកាន់អំណាច Prayut Chan-o-chaនឹងបន្តអាជីពនយោបាយរបស់លោកទៀតឡើយ ក្រោយគណបក្សរបស់ពួកគេ ទទួលរងបរាជ័យនៅការបោះឆ្នោតសកលក្នុងប្រទេសមួយនេះ ។
លោក Thanakorn បាននិយាយប្រាប់សារព័ត៌មានក្នុងស្រុកថា គាត់ពុំទាន់បានលើកឡើងពីចំណុចនេះទេ ប៉ុន្តែលោកគិតថា គាត់អាចនឹងលាឈប់ពីនយោបាយ ។ លោកនិយាយបែបនេះ គឺចង់សំដៅលើលោក Prayut វ័យ ៦៩ឆ្នាំ ដែលឡើងដណ្តើមតំណែងនាយករដ្ឋមន្រ្តីក្រោមឈ្មោះគណបក្សថៃរួមសាងជាតិថៃ ។

លទ្ធផលបឋមចុងក្រោយពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថៃ បង្ហាញថា គណបក្សប្រជែងរបស់លោក គឺគណបក្សបោះជំហានទៅមុខ និងគណបក្សភឿថៃ ឈរនៅចំណាត់ថ្នាក់កំពូលទាំង ២នៃការប្រកួតប្រជែងបោះឆ្នោតកាលពីថ្ងៃអាទិត្យ ។
គណបក្សបោះជំហានទៅមុខ ឈរលំដាប់ថ្នាក់លេខ ១ ទទួលបានសំឡេង ១៥២អាសនៈ បន្ទាប់មកគឺគណបក្សភឿថៃ ឈរនៅលំដាប់ថ្នាក់លេខ ២ ទទួលបានសំឡេង ១៤១អាសនៈ ។ សម្រាប់គណបក្សថៃរួមសាងជាតិថៃវិញ ឈរនៅលំដាប់ថ្នាក់លេខ ៥ ទទួលបានសំឡេងឆ្នោតត្រឹមតែ ៣៦អាសនៈប៉ុណ្ណោះ
ទោះបីជាយ៉ាងណាក៏ដោយ លោក Thanakorn នៅតែបង្ហាញការគាំទ្រដល់លោកឧត្តមសេនីយ៍ Prayut និងបានចែករំលែកការស្ងើចសរសើររបស់លោកដល់ឧត្តមសេនីយ៍ចូលនិវត្តន៍រូបនេះ ដែលបានធ្វើជានាយករដ្ឋមន្រ្តីអស់រយៈពេលជាង ៨ឆ្នាំ ។
លោក Thanakornនិយាយថា គាត់បានធ្វើការជូនប្រទេសជាតិអស់មួយជីវិតរបស់គាត់ ។ គាត់បម្រើប្រទេសជាតិអស់រយៈពេលប្រហែល ៨ឆ្នាំ ក្នុងនាមជានាយករដ្ឋមន្រ្តី ។ ខ្ញុំមានជំនឿថា ប្រជាពលរដ្ឋថៃទូទាំងប្រទេសដឹងថា គាត់បានធ្វើការច្រើនណាស់សម្រាប់ប្រទេសមួយនេះ ហើយនិងដឹងថា គាត់ពុំដែលប្រូឡូកប្រឡាក់អ្វីនោះទេ សូម្បីតែអំពើពុករលួយ ៕