មីយ៉ាន់ម៉ា៖ ចំនួនអ្នកស្លាប់ដោយសារព្យុះស៊ីក្លូន Mocha ដែលបានបោកបក់កាត់ឆកសមុទ្រ Bengal បានកើនឡើងកាលពីថ្ងៃចន្ទ (ទី១៥ ខែឧសភា) ខណៈដែលការប្រាស្រ័យទាក់ទងគ្នា ត្រូវបានស្តារឡើងវិញបណ្តើរៗទៅកាន់ភាគខាងលិចសហភាពមីយ៉ាន់ម៉ា ដោយមនុស្ស ២៩នាក់ ត្រូវបានរាយការណ៍ថា បានស្លាប់។

ព្យុះស៊ីក្លូន Mocha បានបោកបក់ដល់ដីគោកនៅចន្លោះទីក្រុង Cox's Bazar ក្នុងប្រទេសបង់ក្លាដែស និងទីក្រុង Sittwe របស់មីយ៉ាន់ម៉ា ដែលមានកម្លាំងខ្យល់បក់បោះរហូតដល់១៩៥គីឡូម៉ែត្រ ក្នុងមួយម៉ោង ជាព្យុះដ៏ធំបំផុតមិនធ្លាប់មាន ដែលបានវាយប្រហារលើឆកសមុទ្រ Bengal ក្នុងរយៈពេលជាងមួយទសវត្សរ៍នេះ។
រូបភាពវីដេអូពីតំបន់នោះ បានបង្ហាញទូកនេសាទឈើ ត្រូវបានបោកបក់ទៅជាបំណែក ហើយអណ្ដែតទៅគរនៅជិតច្រាំង។
នៅមុននោះ របបយោធារបស់សហភាពមីយ៉ាន់ម៉ា បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍ ដោយមិនមានផ្ដល់ព័ត៌មានលម្អិតថា យ៉ាងហោចណាស់មនុស្ស ៥នាក់បានស្លាប់ នៅមីយ៉ាន់ម៉ា ហើយអ្នកស្រុកមួយចំនួន បានរងរបួស។ សេចក្ដីថ្លៃងការណ៍បន្ថែមថា លំនៅឋានជាង ៨៦០ខ្នង និងមន្ទីរពេទ្យ ឬគ្លីនិកចំនួន ១៤កន្លែង ត្រូវរងការខូចខាតនៅទូទាំងប្រទេស។

យោងតាមអ្នកតាមដានព្យុះស៊ីក្លូននេះ កាលពីថ្ងៃចន្ទ បានឲ្យដឹងថា បណ្តាញទំនាក់ទំនងគ្នា នៅតែដំណើរការទៅបានដោយលំបាក ជាមួយទីក្រុង Sittwe របស់រដ្ឋរ៉ាឃីន ជាកន្លែងដែលមានប្រជាជនរស់នៅប្រហែល ១៥០.០០០នាក់ និងដែលបានទទួលរងនូវឥទ្ធិពលពីខ្យល់ព្យុះនេះ៕