ប្រជាពលរដ្ឋរស់នៅតំបន់ភាគខាងត្បូងប្រទេសបង់ក្លាដែស បានចាប់ផ្តើមបោសសម្អាតគំនរបាក់បែក និងជួសជុលផ្ទះសម្បែងរងការខូចខាតរបស់ពួកគេ រយៈពេលមួយថ្ងៃប៉ុណ្ណោះ ក្រោយព្យុះស៊ីក្លូន Mochaបោកបក់មកដល់ដីគោក កាលពីថ្ងៃអាទិត្យ ។

ប្រជាពលរដ្ឋរាប់ម៉ឺននាក់ ត្រូវបានជម្លៀសខ្លួនចេញពីតំបន់ភាគខាងត្បូងបង់ក្លាដែស បើទោះបីជាមកទល់នឹងពេលនេះ គ្មានសេចក្តីរាយការណ៍ពីគ្រោះថ្នាក់ក៏ដោយ ។
ព្យុះ Mocha បានបន្សល់ទុកការខូចខាតជាច្រើននៅទីក្រុង Shah Porir Dwip។
ប្រជាពលរដ្ឋ បាននាំគ្នាបោសសម្អាតគំនរបាក់បែកនៅក្រៅលំនៅឋានរបស់ពួកគេ ដែលស្ថិតនៅតាមបណ្តោយឆ្នេរភាគខាងត្បូងប្រទេសបង់ក្លាដែស
លោក Mohammad Idris គឺជាពលរដ្ឋមួយរូបរស់នៅទីក្រុង Shah Porir Dwipនិយាយថា លោកពុំធ្លាប់ដែលឃើញព្យុះមានខ្យល់បក់ខ្លាំងបែបនេះនោះទេ នៅក្នុងឆាកជីវិតរបស់លោក
ស្របពេលដែលសមាជិកគ្រួសារភាគច្រើនរបស់លោក និងអ្នកជិតខាង រត់ទៅជ្រកកោនក្នុងទីជម្រគេចពីកព្យុះ លោក Mohammad ពុំបានទៅណាទេ លោកនៅកន្លែងដែលលោកបានឃើញផ្ទះរបស់លោកត្រូវបានខ្យល់បក់បំប៉ើងជាចំណែកៗ ដោយសារកម្លាំងព្យុះស៊ីក្លូន ។

សូមបញ្ជាក់ថា មកទល់នឹងពេលនេះ ពុំទាន់មានសេចក្តីរាយការណ៍ណាមួយស្តីពីការខូចខាតដល់ជំរំបណ្តោះអាសន្នរបស់ជនមូស្លីមរ៉ូហ៊ីងយ៉ាងនោះឡើយ នៅតំបន់ភាគខាងត្បូងបង់ក្លាដែស ៕