ភ្នំពេញ៖ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ និងជាអនុប្រធានទី១ អាជ្ញាធរមីន បានធ្វើសេចក្តីថ្លែងការណ៍នៅក្នុងអង្គសន្និបាតប្រចាំឆ្នាំលើកទី៧៩ របស់ UN ESCAP ស្តីអំពីបទពិសោធន៍ និងការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការពន្លឿនសកម្មភាពធាតុអាកាសទាំងខាងក្នុង និងខាងក្រៅកម្ពុជា សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងអំពីឥទ្ធិពលដ៏អាក្រក់នៃឧស្ម័នផ្ទះកញ្ចក់មកលើផែនដី និងមនុស្សរាប់លាននាក់ ជាពិសេសនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។ កម្ពុជាមិនខុសពីប្រទេសនានាក្នុងពិភពលោកផងដែរ ដោយកម្ពុជានឹងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ ដែលបានជះឥទ្ធិពលអាក្រក់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលឆ្នាំ២០២០ ស្តីពី “មហិច្ឆតាអាកាសធាតុរបស់អង្គការសហប្រជាជាតិ” សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើសេចក្តីថ្លែងការណ៍ បង្ហាញអំពីការប្តេជ្ញាចិត្ត និងឆន្ទៈនយោបាយរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ។ កម្ពុជាបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ទាំងកម្រិតជាតិ និងកម្រិតសាកលលោក ដើម្បីដោះស្រាយការប្រែប្រួលអាសកាសធាតុ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងនោះកម្ពុជា បានកំណត់នូវគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ បង្កើនការប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញ និងលើកកម្ពស់នគរូបនីយកម្មប្រកបដោយចីរភាព និងមានភាពធន់។
នៅកម្រិតជាតិ កម្ពុជាបានបង្កើតការចូលរួមចំណែករបស់ជាតិ ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដោយបានបញ្ចូលគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ត្រឹម ២៧% ត្រឹមឆ្នាំ ២០៣០ និងបានដាក់ចេញនូវគោលដៅបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន ៧០% ត្រឹមឆ្នាំ២០៥០។
កម្ពុជាក៏កំពុងធ្វើការឆ្ពោះទៅរកការកសាងសេដ្ឋកិច្ចដែលធន់នឹងធាតុអាកាសផងដែរ ដោយកម្ពុជាបានបង្កើតផែនការបន្ស៊ាំជាតិ ដើម្បីបង្ហាញទិសដល់កិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញភាពធន់លើគ្រប់វិស័យនៅក្នុងសេដ្ឋកិច្ច ក្នុងនោះកម្ពុជាបាននិងកំពុងធ្វើឱ្យប្រសើរឡើងនូវបច្ចេកទេសកសិកម្ម ពង្រីកហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងលើកកម្ពស់ការអនុវត្តទេសចរណ៍ប្រកបដោយចីរភាព។
បន្ថែមលើនេះ កម្ពុជាទទួលបានដំណើរការយ៉ាងល្អ ក្នុងការបង្កើនថាមពលវារីអគ្គិសនី ដោយបច្ចុប្បន្នថាមពលវារីអគ្គិសនីចូលរួមចំណែកប្រមាណ ៤០% នៅក្នុងថាមពលសរុបរបស់កម្ពុជា ហើយមានទំនប់វារីអគ្គិសនីមួយចំនួនផ្សេងទៀតកំពុងត្រូវបានសាសង់ ឬនឹងត្រូវបានសាងសង់នៅពេលដ៏ខ្លីខាងមុខ។
កម្ពុជា សេចក្តីសង្ឃឹមដ៏មុតមាំចំពោះការពង្រឹងពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ ដើម្បីពង្រឹងសាមគ្គីភាពអន្តរជាតិសម្រាប់សហគមន៍សាកលលោក ដើម្បីសម្រេចបានការពន្លឿនសកម្មភាពធាតុអាកាសសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ជំរុញនូវសន្តិភាព និងវិបុលភាពសម្រាប់ទាំងអស់គ្នា។




