ដីព្រៃឈើដ៏ធំ Chaco ស្ថិតនៅតំបន់ភាគខាងជើងប្រទេសអាហ្សង់ទីន កំពុងរងសម្ពាធនៃការកាប់បំផ្លិចបំផ្លាញ ។ ដើមឈើត្រូវបានគេកាប់ឈូសឆាយ ដើម្បីចាប់យកដីដាំសណ្តែងសៀង និងធ្វើជាកសិដ្ឋានចិញ្ចឹមសត្វគោ-ក្របី ក្នុងបំណងឈានដល់តម្រូវការសកល ។

ប្រជាពលរដ្ឋក្នុងស្រុកមួយចំនួន និយាយថា ការកាប់ឆ្ការព្រៃឈើបែបនេះ អាចបង្កើតការងារថ្មីដល់តំបន់ដាច់ស្រយាលនៅអាមេរិកខាងត្បូង ប៉ុន្តែប្រជាពលរដ្ឋជនជាតិដើមភាគតិចក្នុងស្រុក ធ្វើការព្រមានថា វានឹងបង្កផលរំខាងយ៉ាងធ្ងន់ធ្ងរដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ ។ អ្នកស្រី Noole រស់នៅក្នុងតំបន់ដីព្រៃឈើ Gran Chaco ស្ថិតនៅជិតទីក្រុងស្ងប់ស្ងាត់ Las Lomitas ។ គ្រួសាររបស់អ្នកស្រីគឺជាជនជាតិដើមភាគតិច Pilaga ។

មេដឹកនាំកុលសម្ព័ន្ធក្នុងស្រុកម្នាក់នេះ និយាយថា ដើមឈើបង្កើតជីវិតធម្មជាតិនៅទីនេះ វាផ្តល់ជាចំណីអាហារ ទឹក ម្លប់ ក៏ដូចជាគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ី ។ ការទន្ទ្រានដី នឹងធ្វើឲ្យអាក់ខានដល់ជីវិតរស់នៅបែបនេះ ។

អ្នកស្រីបន្តថា ពួកយើងជាជនជាតិដើមភាគតិច Pilagaរងផលប៉ះពាល់ខ្លាំងណាស់ដោយសារតែការឈូសឆាយដីព្រៃ ដោយសារតែការកាប់ឆ្ការបែបនេះ នឹងនាំឲ្យកើតមានគ្រោះរាំងស្ងួត ព្យុះកួច ។ ដើមឈើខ្លួនវាផ្ទាល់ដើរតួរយ៉ាងសំខាន់នៅក្នុងបរិស្ថាន ។
សូមបញ្ជាក់ថា ដីព្រៃ Gran Chaco ដែលជាដីព្រៃស្រូបយកឧស្ម័នកាបូនគ្របដណ្តប់លើព្រៃជប់ភ្លៀងអាម៉ាហ្សូនរហូតដល់តំបន់ភាគខាងជើង គឺជាដីព្រៃធំបំផុតទី២នៅអាមេរិកឡាទីន ៕