តំបន់ជាច្រើននៅក្នុងប្រទេសក្រូអាត មានភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បណ្តាលឲ្យទឹកទន្លេហូរប្រៀបច្រាំង និងទឹកជំនន់ជន់លិចទីក្រុង Obrovac កាលពីថ្ងៃចន្ទ ។

រូបភាពវីដេអូឃ្លីប ដែលចែករំលែកដោយស្ថានីយ៍វិទ្យុក្នុងស្រុក ឃើញទឹកហូរខ្លាំងតាមច្រាំងទន្លេ ហើយប្រជាពលរដ្ឋលើកបាវខ្សាច់ទប់ទឹកនៅក្នុងទីក្រុង Obrovac ។
កាសែតក្រូអាត Zadarski List រាយការណ៍ថា មជ្ឈមណ្ឌលទីក្រុង Obrovac ហ៊ុព័ទ្ធដោយទឹកភ្លៀង ហើយហាងលក់ទំនិញជាច្រើនកន្លែង រងការជន់លិចគ្មានសេសសល់ ។
កាសែត Zadarski List រាយការណ៍ទៀតថា ទំនប់ការពារទឹកជំនន់បន្ថែមទៀត ត្រូវបានសាងសង់ឡើងផងដែរនៅទីក្រុង Obrovac ។

ដោយឡែក យោងតាមសេចក្តីរាយការណ៍ពីកាសែត Slobodna Dalmacijaបានឲ្យដឹងថា កម្ពស់ទឹកភ្លៀងជាមធ្យមចន្លោះពី ១០ ទៅ ៤០មីលីម៉ែត្រ បានធ្លាក់នៅប្រទេសក្រូអាត ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ហើយមន្ទីរឧតុនិយមក្រូអាត បានព្រមានថា ភ្លៀងនឹងបន្តធ្លាក់បន្ថែមទៀត
នាយករដ្ឋមន្រ្តីក្រូអាតលោក Andrej Plenkovic និយាយនៅលើបណ្តាញព័ត៌មានសង្គម Twitterថា វិធានការចាំបាច់ទាំងអស់ នឹងត្រូវបង្កើតឡើង ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ៕
