មេធាវីតំបន់ San Francisco លោកស្រី Brooke Jenkins បានចេញផ្សាយវីដេអូកាលពីថ្ងៃចន្ទ (១៥ ឧសភា) នៃការបាញ់សម្លាប់លោក Banko Brown ដោយសន្តិសុខនៅហាង Wallgreens ។

លោកស្រី Jenkins ក៏បានលាតត្រដាងផងដែរថា ការិយាល័យរបស់លោកស្រីនឹងមិនដាក់ការចោទប្រកាន់លើសន្តិសុខនោះទេ។
វីដេអូកាមេរ៉ាសុវត្ថិភាព CCTV ពីហាង Wallgreens បង្ហាញលោក Brown ឈ្លោះប្រកែកជាមួយសន្តិសុខ មុនពេលគេចខ្លួនចេញពីហាង ហើយត្រូវបាញ់សម្លាប់។
នៅពេលត្រូវបានសាកសួរឲ្យបំភ្លឺពីស្ថានភាពនៃការជួបគ្នាវាងលោក Brown និងសន្តិសុខនោះ លោកស្រី Jenkins បាននិយាយថា "អ្វីដែលសន្តិសុខនោះ បាននិយាយគឺថាលោកបានឃើញសកម្មភាពដែលនាំឱ្យខ្ញុំជឿថាមានអ្វីមួយដែលគ្រោះថ្នាក់នឹងកើតឡើងចំពោះខ្ញុំ។ វាអាចជាកាំបិតឬអាចជារបស់អ្វីម្យ៉ាង»។
លោកស្រីបន្ថែមថា "ច្បាប់មិនតម្រូវឱ្យអ្នករង់ចាំមើលថាតើវាជាកាំភ្លើង កាំបិត កន្ត្រៃនោះទេ? ច្បាប់អនុញ្ញាតឱ្យអ្នកមានការយល់ឃើញ និងមានការជឿជាក់ ឲ្យតែមានហេតុផលសមរម្យ"។ យោងតាមរបាយការណ៍ លោកBrown គឺជាបុរសកែភេទ ហើយបានធ្វើការនៅក្នុងសហគមន៍របស់ខ្លួន ដោយជួយក្រុមយុវជនប្តូរភេទដទៃទៀត៕
