ប្រដាល់៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាគ្រោងបញ្ជូនគ្រូបង្វឹកម្នាក់ និងកីឡាករ ២នាក់ទៅបោះជំរំហ្វឹកហាត់រយៈពេល ៣ខែនៅប្រទេសបារាំង ដើម្បីពង្រឹងសមត្ថភាពត្រៀមការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាមនាខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ។

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា គម្រោងនេះកំពុងស្ថិតក្នុងដំណើរនៅឡើយ ដ្បិតសហព័ន្ធកំពុងទាក់ទងជាមួយភាគីបារាំង តាមរយៈគ្រូបង្វឹកក្រុមជម្រើសជាតិលោក Felix Merlin ក៏ដូចជាគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក្នុងការស្វែងរកការគាំទ្រគម្រោងបោះជំរំហ្វឹកហាត់ ក្រៅស្រុកត្រៀមស៊ីហ្គេមនេះ។ ជុំវិញគម្រោងបញ្ជូនកីឡាករទៅហាត់រយៈពេលខ្លីនៅបារាំងនេះ សហព័ន្ធមិនទាន់កំណត់កីឡាករច្បាស់ការនោះទេ ដោយរង់ចាំការធ្វើការចុងក្រោយជាមួយភាគីបារាំង និងការសម្រេចឧបត្ថម្ភគាំទ្រពីគណៈកម្មាធិការជាតិ CAMSOC សិន តែអគ្គលេខាធិការសហព័ន្ធដដែលបង្ហើបថា ក្នុងចំណោមកីឡាករជម្រើសជាតិ ២នាក់នោះភាគរយខ្ពស់នឹងមានម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេមឆ្នាំ២០១៩ ម្នាក់គឺកីឡាករ សៅ រង្ស៊ី ខណៈម្នាក់ទៀតសហព័ន្ធនឹងធ្វើការសម្រិតសម្រាំងបន្ដ។
គួរដឹងថា ក្រុមកីឡាប្រដាល់សកលជម្រើសជាតិកម្ពុជា បានប្រមូលផ្ដុំហ្វឹកហាត់កាលពីដើមខែមេសា មុនផ្ទុះខ្លាំងនូវព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រហូតឈានដល់ការបិទខ្ទប់ភូមិសាស្ត្រមួយចំនួន ពិសេសរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដែលបង្ខំឲ្យកីឡាករ-កីឡាការិនីទាំងអស់ ត្រូវប្ដូរពីការប្រមូលផ្ដុំ មកហ្វឹកហាត់តាមផ្ទះរៀងៗខ្លួនវិញ ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសត្រៀមការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ដែលគ្រោងប្រកួតពីថ្ងៃទី២១ ខែវិច្ឆិកាដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ៕
អត្ថបទ៖ លី ឈុនឡា