
អង្គការលើកលែងទោសអន្តរជាតិបាននិយាយថា ចំនួននៃការប្រហារជីវិតដែលត្រូវបានកត់ត្រាទូទាំងពិភពលោកក្នុងឆ្នាំ ២០២២ គឺកើនឡើងខ្ពស់បំផុតក្នុងរយៈពេល ៥ ឆ្នាំ ដោយសាររដ្ឋនៅមជ្ឈិមបូព៌ាជាច្រើន បានបង្កើនការអនុវត្តន៍ទោសប្រហារជីវិតរបស់ពួកគេ។
មនុស្សសរុបចំនួន ៨៨៣ នាក់ត្រូវបានគេដឹងថាត្រូវបានសម្លាប់នៅទូទាំង ២០ប្រទេស ដែលកើនឡើងចំនួន ៥៣% បើធៀបនឹងឆ្នាំ ២០២១ នេះបើយោងតាមការវាយតម្លៃប្រចាំឆ្នាំរបស់ក្រុមអង្គការលើកលែងទោសអន្តរជាតិ។
ប្រទេសអ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត និងអេហ្ស៊ីបទាំងបីប្រទេសនេះ បានអនុវត្ត ៩០% នៃការប្រហារជីវិតទាំងនោះ។ តួលេខនេះមិនរាប់បញ្ចូលប្រទេសចិនដែលត្រូវបានគេគិតថាបានប្រហារជីវិតមនុស្សរាប់ពាន់នាក់ក្នុងមួយឆ្នាំៗនោះទេ។
ទិន្នន័យស្តីពីការកាត់ទោសប្រហារជីវិត ត្រូវបានចាត់ថ្នាក់នៅក្នុងប្រទេសចិន ដែលអង្គការលើកលែងទោសបាននិយាយថាបានបង្អាក់សមត្ថភាពរបស់ខ្លួន ក្នុងការធ្វើការវាយតម្លៃត្រឹមត្រូវអំពីចំនួនអ្នកស្លាប់នៅក្នុងប្រទេសនេះ។
អង្គការនេះនិយាយថាប្រទេសអ៊ីរ៉ង់បានកាត់ទោសប្រហារជីវិតមនុស្សចំនួន ៥៧៦ នាក់ ពោលគឺកើនឡើងពីចំនួន ៣១៤ នាក់ក្នុងឆ្នាំ ២០២១ ។ ក្នុងចំណោមតួលេខសរុបក្នុងឆ្នាំនេះ មនុស្ស ២៧៩ នាក់ត្រូវបានកាត់ទោសពីបទមនុស្សឃាត ២៥៥នាក់ពីបទល្មើសទាក់ទងនឹងគ្រឿងញៀន ២១នាក់ពីបទចាប់រំលោភសេពសន្ធវៈ និង១៨នាក់ពីបទចោទប្រកាន់សន្តិសុខជាតិនៃភាពជាសត្រូវ "ការប្រឆាំងនឹងព្រះ "។
ប្រភេទចុងក្រោយរួមមានបុរសពីរនាក់ដែលត្រូវបានឃុំខ្លួនពាក់ព័ន្ធនឹងការតវ៉ាប្រឆាំងរដ្ឋាភិបាលដែលបានផ្ទុះឡើងនៅក្នុងសាធារណរដ្ឋអ៊ីស្លាមមួយនេះ កាលខែកញ្ញា។ ពួកគេបានប្រឈមមុខនឹងអ្វីដែលអ្នកជំនាញរបស់អង្គការសហប្រជាជាតិហៅថា "ការកាត់ក្តីដោយបំពាន គ្មានការជំនុំជម្នះ និងកាត់ទោសក្លែងក្លាយ ដែលតម្រូវឲ្យផ្តល់ចម្លើយតាមការចោទប្រកាន់ ដោយប្រើទារុណកម្ម"៕
