
អត្រាអ្នកអត់ការងារធ្វើរបស់ចក្រភពអង់គ្លេស បានកើនឡើងដោយមិននឹកស្មានដល់ ៣,៩% ក្នុងរយៈពេលបីខែ ដល់ខែមីនា ខណៈដែលមនុស្សកាន់តែច្រើនប្រឹងប្រែងវិលត្រឡប់ចូលទៅក្នុងទីផ្សារការងារវិញ ដែលអាចបន្ធូរបន្ថយកង្វល់ នៅធនាគារកណ្តាលអង់គ្លេសអំពីសម្ពាធអតិផរណា។
សេដ្ឋកិច្ចវិទូ ដែលត្រូវបានស្ទង់មតិដោយបណ្ដាញសារព័ត៌មាន Reuters បានរំពឹងថា អត្រានឹងរក្សានៅ ៣,៨%។ ប្រាក់ផោនរបស់អង់គ្លេសបានធ្លាក់ថ្លៃ ធៀបនឹងប្រាក់ដុល្លារអាមេរិក និងប្រាក់អឺរ៉ូរបស់សហភាពអឺរ៉ុប ខណៈដែលវិនិយោគិនបានកែសម្រួលទស្សនៈរបស់ពួកគេលើលទ្ធភាពរបស់ធនាគារកណ្តាលអង់គ្លេស ដែលផ្អាកការដំឡើងអត្រាការប្រាក់បណ្ដោះអាសន្ន នៅពេលដែលខ្លួន ត្រូវបើកកិច្ចប្រជុំ នាពេលបន្ទាប់ នៅក្នុងខែមិថុនា។ អត្រាការប្រាក់រំពឹងទុកដោយយកគំរូបែបនេះប្រហែល ៣០%។
ការិយាល័យស្ថិតិជាតិ (ONS) បានឲ្យដឹងថា ទិន្នន័យបណ្តោះអាសន្នពីការិយាល័យពន្ធរបស់ចក្រភពអង់គ្លេស បានបង្ហាញពីការធ្លាក់ចុះដំបូងនៃបុគ្គលិក ដែលមានប្រាក់បៀវត្សរ៍សរុប ក្នុងរយៈពេលជាង ២ឆ្នាំ ក្នុងខែមេសា ដោយធ្លាក់ចុះចំនួន ១៣៦.០០០ ពីខែមីនា។
ការទំនេរអត់ការងារធ្វើ បានធ្លាក់ចុះជាលើកទី១០ជាប់ៗគ្នា ក្នុងរយៈពេលបីខែ ដល់ខែមេសា ដោយឈានដល់កម្រិតទាបបំផុត ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២១។ តែទោះជាយ៉ាងណាក៏ដោយ ក៏កំណើនប្រាក់បៀវត្សរ៍ ដែលជាចំណុចស្នូលនៃការជជែកដេញដោលរបស់ធនាគារកណ្តាលអង់គ្លេសអំពីថា តើត្រូវដំឡើងអត្រាការប្រាក់បន្ថែមទៀតនោះ នៅតែរឹងមាំតាមស្តង់ដារប្រវត្តិសាស្ត្រ៕