
មនុស្សជាង ១០០នាក់ ត្រូវបានចាប់ខ្លួននៅរដ្ឋភាគខាងលិច Maharashtra ក្រោយមនុស្សម្នាក់ស្លាប់ និងមនុស្ស ៨នាក់ផ្សេងទៀត រងរបួស អំឡុងការប៉ះទង្គិចគ្នាក្នុងសហគមន៍ពាក់ព័ន្ធនឹងជម្លោះខ្សែភាពយន្តទាក់ទិននឹងក្រុមរដ្ឋអ៊ីស្លាម ។
សេចក្តីរាយការណ៍ បានឲ្យដឹងថា អំពើហិង្សាដែលបានផ្ទុះឡើងនៅក្នុងទីក្រុង Akola បង្កឡើងដោយសារតែការបង្ហោះខ្សែភាពយន្តជម្លោះ The Kerala Story នៅលើបណ្តាញព័ត៌មានសង្គម ។
ក្រុមអាជ្ញាធរ បានកាត់ផ្តាច់សេវាកម្មអ៊ីនធឺណិត និងដាក់បំរាមគោចរ ដើម្បីគ្រប់គ្រងស្ថានការណ៍ ។ ភ្នាក់ងារតម្រួតស្រីម្នាក់ ស្ថិតនៅក្នុងចំណោមអ្នករងរបួសនៅក្នុងការប៉ះទង្គិចគ្នានេះ ។
ក្រុមនគរបាលនិយាយថា អំពើហិង្សាបានចាប់ផ្តើមផ្ទុះដំបូងកាលពីថ្ងៃសៅរ៍ ពេលដែលសមាជិកក្នុងសហគមន៍ ជួបជុំគ្នានៅខាងក្រៅស្ថានីយ៍នគរបាលក្រុង Akolaដើម្បីប្រឆាំងនឹងការបង្ហោះខ្សែភាពយន្តនៅលើបណ្តាញព័ត៌មានសង្គម ។
សេចក្តីរាយការណ៍បានឲ្យដឹងថា វាគឺជារូបថតអេក្រង់នៃការសន្ទនាគ្នារវាងអ្នកស្រុក ២នាក់ ដែលត្រូវបានចែករំលែកតាមបណ្តាញព័ត៌មានសង្គម Instagram ដោយម្នាក់ក្នុងចំណោមពួកគេ ។
មន្ត្រីនគរបាលម្នាក់ និយាយប្រាប់កាសែត Indian Express ថា សារមួយចំនួននៅក្នុងការជជែកគ្នារវាងអ្នកស្រុកទាំង ២នាក់ បានធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ផ្នែកសាសនារបស់មនុស្សផ្សេងទៀត ប៉ុន្តែពួកគេពុំបានផ្តល់សេចក្តីលម្អិតណាមួយនោះឡើយ ។
ការិយាល័យអភិបាលរដ្ឋ Maharashtra លោក Eknath Shinde បានអំពាវនាវឲ្យមានភាពស្ងប់ស្ងាត់ និងបានណែនាំងឲ្យនគរបាលរដ្ឋ ចាត់វិធានការដ៏តឹងរឹងបំផុតលើអ្នកដែលបានចូលរួមអំពើហិង្សានេះ ។
សូមបញ្ជាក់ថា ខ្សែភាពយន្ត The Kerala Story ដែលបានចាក់បញ្ចាំងនៅតាមរោងមហាស្រពភាពយន្តកាលពីសប្តាហ៍មុន បានបង្កឲ្យមានជម្លោះអស់រយៈពេលជាច្រើនខែមកហើយ មុនពេលការចេញបញ្ចាំងនៃខ្សែភាពយន្តនេះ ។ ខ្សែភាពយន្តនេះ និយាយរៀបរាប់ពីរឿងប្រឌិតរបស់ស្ត្រីឥណ្ឌា ៣នាក់ មកពីរដ្ឋភាគខាងត្បូង ដែលបានចូលរួមជាមួយក្រុមរដ្ឋអ៊ីស្លាម៕
