
យោងតាមសេចក្តីរាយការណ៍ពីមន្ទីរឧតុនិយមក្រុងសៀងហៃ បានឲ្យដឹងថា រលកកម្តៅបានកើតមាននៅទីក្រុងមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ចិនមួយនេះ កាលពីថ្ងៃចន្ទ ពេលដែលសីតុណ្ហភាពកើនឡើងដល់ ៣៤,៥អង្សាសេ ។
មន្ទីរឧតុនិយម រាយការណ៍ថា កាលពីថ្ងៃចន្ទ គឺជាថ្ងៃទី ២ជាប់ៗគ្នា ដែលសីតុណ្ហភាព បានកើនឡើងលើសពី ៣០អង្សាសេនៅក្នុងទីក្រុងសៀងហៃ ។
អ្នកស្រី Ma Juan គឺពលរដ្ឋវ័យ ៣៥ឆ្នាំមួយរូបរស់នៅក្នុងទីក្រុងសៀងហៃ និយាយថា វាហាក់ដូចជាក្តៅលឿនជាងឆ្នាំមុនៗ ។
អ្នកស្រីបន្តថា កាលពីឆ្នាំមុន វាគ្មានបញ្ហានោះទេ វាពុំក្តៅខ្លាំងបែបហ្នឹងនោះទេ ។ ប៉ុន្តែនៅឆ្នាំនេះ ពេលខ្ញុំឈានជើងចេញក្រៅ វាដូចជារដូវក្តៅអញ្ចឹង ហើយភ្លាមៗនោះ ខ្ញុំក៏ចាប់ផ្តើមបែកញើស ។
ខណៈពេលនោះដែរ ទីក្រុងធំៗជាច្រើនរបស់ចិន បានចេញសេចក្តីណែនាំពីកម្តៅ ស្របពេលដែលប្រទេសមួយនេះ ប្រឈមនឹងរលកកម្តៅខ្លាំងបំផុតដែលអាចគំរាមកំហែងដល់ការផ្គត់ផ្គង់ចរន្តអគ្គិសនី ដំណាំ និងសេដ្ឋកិច្ចផុយស្រួយ ។
រលកកម្តៅ កើតមុនរដូវក្តៅធម្មតា ជាពិសេសធ្វើឲ្យព្រួយបារម្ភដល់វិស័យកសិកម្ម ។ ការប៉ះពាល់ដំណាំ អាចនាំឲ្យតម្លៃស្បៀងអាហារហក់ឡើងខ្ពស់ ធ្វើឱ្យអតិផរណាកាន់តែធ្ងន់ធ្ងរ និងដាក់សំពាធលើសេដ្ឋកិច្ចចិន ស្របពេលពួកគេទើបងើបពីគោលនយោបាយគ្មានជំងឺ COVID-19រយៈពេល ៣ឆ្នាំ ដែលបានពន្យឺតកំណើនសេដ្ឋកិច្ច៕
