
មេចុងភៅជនជាតិនីហ្សេរីយ៉ាបានរៀបចំចម្អិនអាហារដោយឥតឈប់រយៈពេល ១០០ម៉ោង ដោយមានបំណងបង្កើតកំណត់ត្រាពិភពលោក (Guinness World Record) សម្រាប់រយៈពេលចម្អិនអាហារយូរបំផុតមិនធ្លាប់មាន ជាឯកត្តជន។
អ្នកនាង Hilda Bassey ដែលជាមេចុងភៅនៅទីក្រុងដ៏ធំ Lagos បានទាក់ទាញការចាប់អារម្មណ៍ចំពោះប្រទេសនេះតាមរយៈការចម្អិនអាហារដ៏យូររបស់ខ្លួន ដែលបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ និងបញ្ចប់ នៅយប់ថ្ងៃចន្ទ។
លោកប្រធានាធិបតី Muhammadu Buhari និងអ្នកនយោបាយ រួមនឹងតារាល្បីៗជាច្រើនរូប បានអបអរសាទរអ្នកនាង Bassey ខណៈពេលដែលអ្នកគាំទ្រចាំលើកទឹកចិត្ត បានបោះជំរំនៅខាងក្រៅមជ្ឈមណ្ឌលរៀបចំព្រឹត្តិការណ៍ ដើម្បីធ្វើជាសក្ខីភាពឲ្យមេចុងភៅវ័យ ២៧ឆ្នាំរូបនេះ ដែលកំពុងរៀបចំអាហារចម្រុះ ក្នុងស្រុក និងក្រៅស្រុក ចាប់ពីអាហារប្រពៃណី Jollof Rice របស់តំបន់អាហ្វ្រិកខាងលិច រហូតដល់ប៉ាស្តា និងអាការ៉ា ដែលធ្វើពីម្សៅសណ្ដែក។
ឯតទគ្គកម្មធ្វើម្ហូបយូរបំផុត នាពេលនេះ គឺត្រូវបានគ្រប់គ្រងដោយមេចុងភៅជនជាតិឥណ្ឌាអ្នកនាង Lata Tondon ដែលប្រើពេលចម្អិន ៨៧ម៉ោង និង ៤៥នាទី កាលពីឆ្នាំ២០១៩។
ថេរវេលារបស់អ្នកនាង Bassey នឹងត្រូវបញ្ជាក់ដោយមន្ត្រីរបស់ Guinness World Record មុនពេលដែលពេលវេលានោះ ត្រូវបានប្រកាសជាផ្លូវការ៕
