
បេសកកម្មមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)នៅប្រទេសស្រីលង្កា នឹងវាយតម្លៃវឌ្ឍនភាពដែលបានបង្កើតឡើងលើកំណែទម្រង់មកទល់នឹងពេលនេះ ហើយនិងបញ្ចប់ការអនុវត្តន៍ដើម្បីធ្វើឲ្យល្អប្រសើរឡើងអភិបាលកិច្ចក្នុងវិស័យសំខាន់ៗជាច្រើននៃសេដ្ឋកិច្ចប្រទេសមួយនេះ ។ នេះបើយោងតាមការអះអាងរបស់មន្រ្តី IMFបានឲ្យដឹងកាលពីថ្ងៃចន្ទ ។
ក្រុមការងារ IMF នឹងបន្តនៅក្នុងទីក្រុង Colombo រហូតដល់ថ្ងៃទី ២៣ ខែឧសភា ដែលជាផ្នែកមួយនៃកម្មវិធីពិគ្រោះយោបល់ជាទៀងទាត់ មុនបេសកកម្មពិនិត្យឡើងវិញលើកដំបូងនៅពេលក្រោយក្នុងឆ្នាំនេះ ។
ក្រុមការងារពួកគេ បានជួបជាមួយក្រុមមន្រ្តីជាច្រើន រួមទាំងលោកប្រធានាធិបតី Ranil Wickremesinghe ដែលជារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុរបស់ស្រីលង្កាផងដែរ ។
លោក Krishna Srinivasan គឺជាប្រធានផ្នែកទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វករបស់ IMF និយាយថា បច្ចុប្បន្នវាចាំបាច់ ដើម្បីបន្តសន្ទុះកំណែទម្រង់សេដ្ឋកិច្ច ។
គួរឲ្យដឹងថា ប្រទេសស្រីលង្កា កំពុងព្យាយាមងើបចេញពីវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតរបស់ខ្លួន ចាប់តាំងពីទទួលបានឯករាជ្យរបស់ខ្លួនពីឆ្នាំ ១៩៤៨ ។ ប្រទេសកោះមួយនេះ ទទួលបានប្រាក់ជួយសង្រ្គោះ ២,៩ពានលានដុល្លារពីម្ចាស់កម្ចីសកល ក្រោយពួកគេពុំអាចសងបំណុលបរទេសកាលពីខែមេសា ឆ្នាំមុន ។
ដោយឡែក លោក Peter Breuer ដែលជាមន្រ្តីជាន់ខ្ពស់នៃបេសកកម្មទទួលបន្ទុកស្រីលង្កា ប្រចាំតំបន់អាស៊ី- ប៉ាស៊ីហ្វិករបស់ IMF និយាយថា ម្ចាស់កម្ចីនឹងពិនិត្យមើលថាតើគម្រោងម៉ាក្រូសេដ្ឋកិច្ច របស់រដ្ឋាភិបាលស្រីលង្កា នៅត្រឹមត្រូវ ឬមួយត្រូវការពិនិត្យមើលឡើងវិញដែរទេ ៕