
ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ក្នុងស្រុក TF1 កាលពីថ្ងៃចន្ទថា ប្រទេសរបស់លោក បានត្រៀមខ្លួនរួចរាល់ក្នុងការបង្វឹកក្រុមពីឡុតយន្តហោះចម្បាំងអ៊ុយក្រែន នៅក្នុងប្រទេសបារាំង ហើយកម្មវិធីបណ្តុះបណ្តាលទាំងអស់នោះ នឹងអាចចាប់ផ្តើមភ្លាមៗតែម្តង ។
លោកនិយាយថា ពួកយើងបានបើកទ្វារសម្រាប់ការបង្វឹកពីឡុតយន្តហោះ ហើយការហ្វឹកហាត់ អាចចាប់ផ្តើមឥឡូវនេះភ្លាមតែម្តង ។
នៅពេលសួរថាតើបារាំងនឹងផ្តល់យន្តហោះចម្បាំងដល់អ៊ុយក្រែនឬ លោក Macronនិយាយថា លោកពុំបានពិភាក្សាបញ្ហានេះជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy នោះឡើយ អំឡុងដំណើរទស្សនកិច្ចរបស់គាត់ កាលពីចុងសប្តាហ៍កន្លងទៅ ។
នៅពេលសួរបន្ថែមទៀតពីការបង្វឹកពីឡុតយន្តហោះអ៊ុយក្រែនលើយន្តហោះចម្បាំងបារាំង លោកនិយាយថា គ្មានការហាមឃាត់នោះទេ ។
លោក Macronបានថ្លែងបែបនេះ ក្រោយអង់គ្លេសសន្យាថាផ្តល់យានដ្រូនវាយប្រហាររយៈចម្ងាយឆ្ងាយដល់លោក Zelenskiy ពេលដែលគាត់បំពេញទស្សនកិច្ចទៅកាន់ប្រទេសមួយនេះ កាលពីថ្ងៃចន្ទ ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចនៅអឺរ៉ុប មានគោលដៅចង់បានអាវុធថ្មីសម្រាប់ការវាយបកប្រឆាំងនឹងរុស្ស៊ី ។
លោក Macron និយាយថា បារាំងនឹងចែកចាយគ្រឿងយុទ្ធោបករណ៍បន្ថែមទៀត រួមទាំងមីស៊ីលរយៈចម្ងាយឆ្ងាយដែលនឹងជួយឲ្យអ៊ុយក្រែនវាយបកទៅលើរុស្ស៊ីវិញបាន ៕