
មេដឹកនាំក្នុងតំបន់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ចំនួនអ្នកស្លាប់នៅក្នុងភូមិ ដែលរងគ្រោះដោយព្យុះស៊ីក្លូននៃរដ្ឋរ៉ាឃីនរបស់សហភាពមីយ៉ាន់ម៉ា បានកើនឡើងដល់យ៉ាងហោចណាស់ ៤១នាក់ នៅថ្ងៃអង្គារនេះ។
ដោយមានកម្លាំងខ្យល់បក់បោករហូតដល់ ១៩៥គីឡូម៉ែត្រ ក្នុងមួយម៉ោង ព្យុះស៊ីក្លូន Mocha បានបោកបក់ដល់ដីគោក កាលពីថ្ងៃអាទិត្យ ដោយបានធ្វើឲ្យបង្គោលភ្លើងដួលរលំ និងទូកនេសាទឈើបាក់បែកទៅជាបំណែកៗ។
លោក Karlo អ្នកគ្រប់គ្រងភូមិ Bu Ma ក្បែរទីក្រុង Sittwe បានប្រាប់អ្នកយកព័ត៌មានរបស់ AFP នៅកន្លែងកើតហេតុថា៖ «យើងអាចបញ្ជាក់ថា មានអ្នកស្លាប់ចំនួន ១៧នាក់។ នឹងមានអ្នកស្លាប់ច្រើនជាងនេះទៀត ខណៈមនុស្សជាង ១០០នាក់ កំពុងបាត់ខ្លួន»។
តួលេខរបស់ភូមិ Bu Ma ស្ថិតនៅលើគេ ដោយមានចំនួនអ្នកស្លាប់ ២៤នាក់ ដែល AFP ទទួលបានពីមេភូមិរ៉ូហ៊ីងយ៉ា នៅក្បែរភូមិ Khaung Doke Kar។
អ្នកឆ្លើយឆ្លងព័ត៌មានរបស់ AFP បានរាយការណ៍ថា នៅទីភូមិ Bu Ma នាព្រឹកថ្ងៃអង្គារនេះ អ្នកភូមិបានដើរតាមមាត់សមុទ្រ ដើម្បីរកមើលសមាជិកគ្រួសារ ដែលត្រូវបានទឹកសមុទ្រហូរនាំទៅ ដោយសារព្យុះស៊ីក្លូននេះ៕
