
ស្ថានភាពរលកកម្តៅ កំពុងកើតមាននៅតាមតំបន់ភាគខាងលិច និងភាគខាងជើងប្រទេសឥណ្ឌា ជាហេតុបង្កការលំបាកខ្លាំងដល់អ្នកស្រុកនៅក្រៅ ស្របពេលដែលសីតុណ្ហភាពហក់ឡើងខ្ពស់ខ្លាំងបែបនេះ ។
ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងភាគខាងលិច Rajkot បានចាត់វិធានការប្រុងប្រយ័ត្នខ្លួនឯង ដោយពួកគេផឹកទឹកផ្លែឈើ ទឹកដូង និងទទូរឆ័ត្រដើម្បីការពារពួកគេពីកម្តៅដ៏ក្តៅខ្លាំងនេះ ។
លោក Ibrahim គឺជាអាជីវករមួយរូប និយាយថា សីតុណ្ហភាពនៅក្នុងទីក្រុង Rajkot បានកើនឡើងចន្លោះពី ៤២អង្សាសេ ដល់ ៤៤អង្សាសេ ប៉ុន្តែតើអ្វីទៅដែលពួកយើងអាចធ្វើបាន? ពួកយើងត្រូវធ្វើការ ពួកយើងអត់មានការិយាល័យផ្ទាល់ខ្លួននោះទេ ឬហាងដែលអាចដំឡើងម៉ាស៊ីនត្រជាក់បាននោះទេ ខ្ញុំត្រូវបង្ខំចិត្តធ្វើការនៅកណ្តាលវាល ក្រោមអាកាសធាតុដ៏ក្តៅបែបនេះ ។
អាកាសធាតុក្តៅ បានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋរស់នៅទីក្រុងភាគខាងជើង Ayodhya ផងដែរ ។
ខណៈពេលនោះដែរ លោកវេជ្ជបណ្ឌិត Naresh Kumar គឺជាអ្នកវិទ្យាសាស្រ្តជាន់ខ្ពស់នៅនាយកដ្ឋានឧតុនិយមឥណ្ឌា និយាយថា សីតុណ្ហភាពនៅតំបន់ភាគពាយព្យ មានចម្លោះពី ៤០ ទៅ ៤៤អង្សាសេ លើកលែងតែផ្នែកខ្លះនៃតំបន់ Vidarbhaប៉ុណ្ណោះ ។ គ្រប់រដូវក្តៅនៅក្នុងប្រទេសឥណ្ឌា ជាពេលវេលាដ៏លំបាក ពេលដែលសីតុណ្ហភាពកើនឡើងខ្ពស់ នាំឲ្យមានគ្រោះថ្នាក់ជាច្រើន ៕

