វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃអង្គារថា ទីភ្នាក់ងាររបស់ខ្លួនកំពុងតាមដានសកម្មភាពចារកម្មលោកខាងលិច បន្ទាប់ពីទីភ្នាក់ងារស៊ើបការណ៍កណ្ដាលអាមេរិក ហៅកាត់ថា CIA បានបញ្ចេញវីដេអូ មួយដែលជំរុញឲ្យពលរដ្ឋរុស្ស៊ី ធ្វើការប្រាស្រ័យទំនាក់ទំនងតាមរយៈបណ្ដាញអ៊ីនធឺណិត ដែលមានសុវត្ថិភាព។

វីដេអូខ្លីជាភាសារុស្ស៊ី ត្រូវបានអមដោយសំណេរមួយដែលនិយាយថា ទីភ្នាក់ងារនេះ ចង់លឺចេញពីក្រុមមន្ត្រីយោធា ក្រុមអ្នកជំនាញចារកម្ម អ្នកការទូត អ្នកវិទ្យាសាស្ត្រ និងបុគ្គលដែលដឹងព័ត៌មានទាក់ទងនឹងសេដ្ឋកិច្ច និងការដឹកនាំរបស់រុស្ស៊ី ។
CIA បានបង្ហោះវីដេអូ នៅលើបណ្ដាញសង្គមដោយស្នើឲ្យជនជាតិរុស្ស៊ី ដោយផ្តល់មធ្យោបាយមានសុវត្ថិភាពដើម្បីធ្វើការប្រាស្រ័យទំនាក់ទំនងជាមួយគ្នា ដោយសន្យាការពារសុវត្ថិភាពរបស់ពួកគេ ប្រសិនបើពួកគេចែករំលែកព័ត៌មានសម្ងាត់ស្ដីពីសង្រ្គាមអ៊ុយក្រែន និងព័ត៌មានផ្សេងទៀត ជាមួយក្រុមចារកម្មអាមេរិក។
វីដេអូខ្លីមួយជាភាសារុស្ស៊ី ក្រោមចំណងជើងថា ហេតុអ្វីខ្ញុំត្រូវទាក់ទងជាមួយ CIA: គឺការសម្រេចចិត្តរបស់ខ្ញុំ បានលេចឡើងនៅលើបណ្ដាញ YouTube ផ្លូវការរបស់ទីភ្នាក់ងារ CIA។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា លោកពុំចាប់អារម្មណ៍ចំពោះរឿងនេះទេ ប៉ុន្តែលោកបានបន្ថែមថា ខ្ញុំជឿជាក់ថាសេវាពិសេសរបស់យើងកំពុងឃ្លាំមើលលំហបច្ចេកវិទ្យានេះក្នុងករណីចាំបាច់។
លោកបានបន្ថែមទៀតថា យើងទាំងអស់គ្នាបានដឹងយ៉ាងច្បាស់ថា CIAនិងសេវាចារកម្មផ្សេងទៀតរបស់បណ្ដាប្រទេសលោកខាងលិចពុំបានកាត់បន្ថយសកម្មភាពរបស់ខ្លួនលើដែនដីនៃប្រទេសរបស់យើងទេ៕