ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានមានប្រសាសន៍ថា ទោះបីស៊ីហ្គេមបានបញ្ចប់ដោយជោគជ័យ តែយើងមិនចប់នៅត្រឹមនេះទេ ត្រូវខិតខំតទៅទៀតសម្រាប់ចូលរួមនៅប្រទេសដទៃ ម៉្យាងទៀតកីឡាក៏នាំមកនូវសុខភាព និងជាស្ពានផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ។
សម្តេចតេជោ នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍បែបនេះ ក្នុងពេលអនុញ្ញាតឱ្យឯកឧត្តម GOTORO OGAWA ប្រធានក្រុមគាំទ្រយូដូកម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ។
ក្នុងជំនួបនៅវិមានសន្តិភាពទីស្ដីការនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៧ ខែឧសភានេះបើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មានថា ឯកឧត្តម GOTORO បានសំដែងនូវការគោរព និងអបអរសាទរជូនដល់សម្ដេចតេជោ ដែលបានរៀបចំ ស៊ីហ្គេមទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។
ឯកឧត្តមGOTORO បានគោរពជម្រាបជូនសម្ដេចតេជោថា កីឡាករ កីឡាការិនីកម្ពុជា គឺមានការតស៊ូ និងព្យាយាមខ្លាំងនៅពេល ដែលពួកគាត់ទៅហ្វឹកហាត់នៅប្រទេសជប៉ុន គ្រូបង្វឹក កីឡាករ កីឡាការិនីកម្ពុជាមានការគោរព និងភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ឯកឧត្តម បានមានប្រសាសន៍បន្ថែមថា កីឡាករ កីឡាការិនីកម្ពុជា គឺមានសក្កានុពលនិងទេពកោសល្យលើវិស័យយូដូណាស់។ ក្នុងន័យនេះ ឯកឧត្តម GOTORO បានគោរពស្នើសុំការគាំទ្រពីសម្ដេចតេជោ ក្នុងការបន្តជួយ បង្វឹក កីឡាករ កីឡាការិនីកម្ពុជាតទៅទៀត។
ជាការឆ្លើយតបសម្ដេចតេជោ បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម GOTORO OGAWA អ្នកគ្រូ លោកគ្រូ និង ប្រជាជនជប៉ុន ដែលបានជួយគាំទ្រ និងហ្វឹកហាត់ កីឡាករ កីឡាការិនីកម្ពុជារហូតទទួលបានមេដាយ ដែលពីមុនមកមិនដែលទទួល បានមេដាយច្រើនបែបនេះទេ។
សម្ដេចតេជោ បានស្នើសុំឲ្យឯកឧត្តម GOTORO OGAWA និងលោកគ្រូ អ្នកគ្រូយូដូ បន្តជួយហ្វឹកហាត់ដល់កីឡាករ កីឡាការិនីកម្ពុជាតទៅទៀត ព្រោះថា បេសកកម្មរបស់កម្ពុជា មិនចប់ត្រឹមស៊ីហ្គេមនោះទេគឺ នឹងត្រូវទៅចូលរួមការប្រកួតដទៃទៀត។
ម្យ៉ាងទៀតកីឡាគឺនាំមកនូវសុខភាពល្អ និងជាស្ពានផ្សារភ្ជាប់នូវទំនងរវាង ប្រជាជន និងប្រជាជន ជាពិសេសរវាង យុវជននិងយុវជន៕




