កូរ៉េខាងជើងបាននិយាយថា មេដឹកនាំរបស់ខ្លួន គឺលោក Kim Jong Un បានអនុម័តវិធានការបន្ទាប់នៃផែនការសកម្មភាពសម្រាប់ផ្កាយរណបចារកម្មយោធា។

សារព័ត៌មានរដ្ឋកូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃពុធនេះថា លោក Kim បានត្រួតពិនិត្យផ្កាយរណបឈ្លបយកការណ៍យោធាលំដាប់លេខមួយរបស់ប្រទេសនេះ មួយថ្ងៃមុនការបាញ់បង្ហោះ ខណៈការរៀបចំចុងក្រោយត្រូវបានបញ្ចប់។
វីដេអូ បានបង្ហាញរូបលោក Kim ក្នុងឈុតសម្លៀកបំពាក់ពណ៌សកំពុងសំឡឹងមើលទៅអ្វីដែលទំនងជាផ្កាយរណបចារកម្ម។ លោកត្រូវបានអមដោយកូនស្រីរបស់លោក។
សេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិបានហាមប្រាមកូរ៉េខាងជើងមិនឲ្យបាញ់បង្ហោះឧបករណ៍ផ្សេងៗដោយប្រើបច្ចេកវិទ្យាមីស៊ីលបាលីស្ទីក។
ប៉ុន្តែប្រទេសនេះ បានបញ្ជាក់ជាថ្មី ពីចេតនារបស់ខ្លួនក្នុងការបាញ់មីស៊ីលបាលីស្ទីករយៈចម្ងាយឆ្ងាយ ក្រោមលេសបញ្ជូនផ្កាយរណបទៅកាន់កន្លងតារាវិថី។
ការបាញ់បង្ហោះនេះ នឹងក្លាយជាការបាញ់លើកដំបូងចាប់តាំងពីខែកុម្ភៈឆ្នាំ២០១៦ បំពានទៅនឹងសម្រេចរបស់អង្គការសហប្រជាជាតិ៕