ឯកសារដែលត្រូវបានពិនិត្យឡើងវិញដោយបណ្ដាញសារព័ត៌មាន Reuters បានបង្ហាញថា អតីតប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro បានច្រានចោលការចោទប្រកាន់ កាលពីថ្ងៃអង្គារ ពីបទកែប្រែឯកសារចាក់វ៉ាក់សាំង COVID-19 របស់លោក ខណៈដែលអាជ្ញាធរក្នុងតំបន់ស៊ើបអង្កេតអតីតមេដឹកនាំស្តាំនិយមរូបនេះ និងសម្ព័ន្ធមិត្តមួយចំនួនរបស់លោក។

នៅក្នុងការផ្តល់សក្ខីកម្មរយៈពេលបីម៉ោងទៅកាន់នគរបាលសហព័ន្ធរបស់ប្រទេសប្រេស៊ីល លោក Bolsonaro បាននិយាយថា រូបលោក មិនបានដឹងអំពីព័ត៌មានក្លែងក្លាយ ដែលត្រូវបានបញ្ចូលនៅលើកាតចាក់វ៉ាក់សាំងរបស់លោកនោះទេ។

ឯកសាររបស់តុលាការកំពូល បានបង្ហាញថា នគរបាលសហព័ន្ធ បានរកឃើញភស្តុតាងនៃការលួចកែប្រែបណ្ណចាក់វ៉ាក់សាំងរបស់លោក Bolsonaro ក្នុងសប្តាហ៍ចុងក្រោយរបស់លោក ក្នុងនាមជាប្រធានាធិបតី កាលពីចុងខែធ្នូ មុនពេលដែលរូបលោកបានហោះហើរទៅកាន់សហរដ្ឋអាមេរិក ដែលនៅទីនោះ ភ្ញៀវបរទេសភាគច្រើនត្រូវតែចាក់វ៉ាក់សាំង។
យោងតាមសម្រង់អត្ថបទពីការផ្ដល់សក្ខីកម្មរបស់អតីតប្រធានាធិបតីលោក Bolsonaro បានបដិសេធថា ពុំបានដឹងឮ ឬបញ្ជាឲ្យដាក់ព័ត៌មានក្លែងក្លាយ ដើម្បីបញ្ចូលទៅក្នុងឯកសារការចាក់វ៉ាក់សាំងនេះនោះឡើយ។
កាលពីដើមខែនេះ នគរបាលប្រេស៊ីល បានឆ្មក់ចូលគេហដ្ឋានអតីតមេដឹកនាំរូបនេះ បានចាប់ខ្លួនជំនួយការដែលគួរឲ្យទុកចិត្ត និងរឹបអូសយកទូរស័ព្ទដៃរបស់លោក ដែលជាផ្នែកមួយនៃការស៊ើបអង្កេតស្វែងរកចម្លើយពីរបៀបដែលលោក Bolsonaro ជាអ្នកត្រូវបានគេសង្ស័យពាក់ព័ន្ធនឹងវីរុសកូរ៉ូណា ដែលបានប្ដេជ្ញាថា មិនធ្លាប់បានចាក់វ៉ាក់សាំងប្រឆាំង COVID-19 ទេ ត្រូវបានចុះឈ្មោះថា បានចាក់វ៉ាក់សាំង ក្នុងឯកសារបញ្ជាក់សុខភាព ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ ក្នុងខែកុម្ភៈ៕