ទីក្រុងកាល់ការី (Calgary) របស់ប្រទេសកាណាដា បានទទួលការព្រមានពីធាតុអាកាសជាពិសេសមួយ កាលពីថ្ងៃអង្គារ ដោយព្រមានពលរដ្ឋអំពីគុណភាពខ្យល់ធ្លាក់ចុះធ្ងន់ធ្ងរ និងពិបាកមើលផ្លូវ ខណៈអាកាសធាតុស្ងួតងាយរងការឆាបឆេះ និងការប្រែប្រួលកម្លាំងខ្យល់ជំរុញឲ្យមានហានិភ័យនៃការរាលដាលភ្លើងឆេះព្រៃនៅក្នុងភាគខាងជើង និងខាងលិចខេត្ត Alberta ។

យោងតាមរដ្ឋាភិបាលខេត្ត គិតត្រឹមល្ងាចថ្ងៃអង្គារ ចំហេះព្រៃចំនួន៨៩កន្លែងកំពុងឆេះរាលដាលយ៉ាងសកម្មនៅក្នុងខេត្ត Alberta ក្នុងនោះ ២៥កន្លែងឆាបឆេះខ្លាំងមិនអាចគ្រប់គ្រងបាន ដោយបង្ខំឲ្យមនុស្សប្រមាណ២ម៉ឺននាក់ ចាកចេញពីលំនៅឋាន។
លោកស្រី Christie Tucker អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងភ្លើងឆេះព្រៃរបស់ខេត្ត Alberta និយាយថា ការប្រែប្រួលទិសដៅខ្យល់ អាចបង្កបញ្ហាដល់ក្រុមអ្នកពន្លត់អគ្គិភ័យ ខណៈផ្លូវរវបស់ចំហេះព្រៃបានប្រែប្រួលភ្លាមៗ ។
ការបញ្ជាឲ្យជម្លៀសមនុស្ស និងការព្រមាននានា ក៏ត្រូវបានប្រកាសនៅក្នុងខេត្តក្បែរខាង ផងដែរ គឺខេត្ត British Columbia ជាទីដែលមានចំហេះព្រៃសកម្មចំនួន៦១កន្លែងកាលពីល្ងាចថ្ងៃអង្គារ និងខេត្ត Saskatchewan ជាទីដែលមានចំហេះព្រៃចំនួន២៨កន្លែងកំពុងឆាបឆេះយ៉ាងខ្លាំង ដោយក្នុងនោះមាន៥កន្លែងមិនអាចគ្រប់គ្រងបានឡើយ ៕