សភានៅក្នុងតំបន់គាំទ្ររុស្ស៊ីរបស់ប្រទេសម៉ុលដូវ៉ា កាលពីថ្ងៃអង្គារបានផ្តល់ការគាំទ្រការបោះឆ្នោតមេដឹកនាំតំបន់មានបំណងជំរុញទំនាក់ទំនងជាមួយទីក្រុងមូស្គូ ជាចំណាត់ការមួយដែលនាំទៅរកការប៉ះទង្គិចគ្នាជាមួយរដ្ឋាភិបាលគាំទ្រអឺរ៉ុបរបស់ប្រទេសនេះ។

ម៉ុលដូវ៉ា ជារដ្ឋក្រីក្រ និងតូច ជាប់ព្រំដែនជាមួយប្រទេសអ៊ុយក្រែន និងរ៉ូម៉ានី បានរិះគន់ការឈ្លានពានរបស់រុស្ស៊ី និងបានចោទប្រកាន់ទីក្រុងមូស្គូពីការព្យាយាម បង្កអស្ថិរភាពដល់រដ្ឋបាលប្រធានាធិបតី លោកស្រី Maia Sandu ។

តំបន់ Gagauzia ប្រទេសម៉ុលដូវ៉ាភាគខាងត្បូង បានបោះឆ្នោតអ្នកដឹកនាំថ្មី កាលពីចុងសប្តាហ៍កន្លងទៅនេះក្នុងការប្រកួតប្រជែងដែលបានបង្ហាញបក្ខជនគាំទ្ររុស្ស៊ី។
សភាបានគាំទ្រលទ្ធផលនោះ ប៉ុន្តែនាយករដ្ឋមន្ត្រីប្រទេសម៉ុលដូវ៉ា និងមន្ត្រីជាច្រើនរូបទៀត បាននិយាយថា អាជ្ញាធរមជ្ឈិមនឹងព្យាយាមទុកជាមោឃៈនូវលទ្ធផលលើភស្តុតាងនៃភាពមិនប្រក្រតីដែលរាលដាល។

នាយករដ្ឋមន្ត្រីលោក Dorin Recean និយាយថា លទ្ធលនេះពុំមានភាពច្បាស់លាស់។
លោកស្រី Yevgeniya Gutul អ្នកដឹកនាំថ្មី ចង់បានមិត្តភាពបន្ថែមទៀតជាមួយទីក្រុងមូស្គូ។ លោកស្រីតំណាងឲ្យ គណបក្ស Sor ដែលរយៈពេលជាច្រើនខែមកនេះបានធ្វើការតវ៉ាទាមទារការឲ្យលោកស្រីប្រធានាធិបតី លោកស្រី Sanduលាលែងពីតំណែង។
ដោយទទួលបានឯករាជ្យរយៈពេលជាង៣០ឆ្នាំ ប្រទេសម៉ុលដូវ៉ា បានប្រព្រឹត្តទៅដោយមានក្រុមផ្តាច់ខ្លួនគាំទ្ររុស្ស៊ី នៅតំបន់ Transdniestria នៅភាគខាងកើត ហើយមានការមិនពេញចិត្តជារឿយៗនៅក្នុងតំបន់ Gagauzia មានជនជាតិភាគតិចទួរគីរស់នៅច្រើន ដែលគាំទ្រដល់ព្រះវិហារនិកាយអថូដុករបស់រុស្ស៊ី និងមានគណបក្សមួយចំនួនដែលគាំទ្រដោយរុស្ស៊ីយូរមកហើយ។