អាជ្ញាធរនិយាយថា ក្មេងប្រុសអាយុ១២ ឆ្នាំម្នាក់ ត្រូវបានចោទប្រកាន់ពីការបាញ់សម្លាប់ បុគ្គលិកម្នាក់ នៅភោជនីយដ្ឋាន Sonic Drive-In ក្នុងរដ្ឋតិចសាស់ បន្ទាប់ពីមានជម្លោះមួយនៅកន្លែងចតរថយន្ត។

នគរបាលនៅតំបន់ Keene និយាយថាលោក Matthew Davis អាយុ៣២ឆ្នាំ កំពុងបម្រើការនៅភោជនីយដ្ឋាន Sonic Drive-In កាលពីយប់ថ្អៃសៅរ៍ បានប្រឈមមុខដាក់គ្នាជាមួយ Angel Gomez អាយុ២០ឆ្នាំ ព្រោះលោកចតរថយន្តឥតរបៀបរៀបរយនៅកន្លែងចត។
នគរបាលតំបន់ Keene បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា តាមបណ្តាញ សង្គមFacebookថា ភ្លាមៗនោះ ជម្លោះបានក្លាយជាហិង្សា។ អំឡុងពេលមានជម្លោះ កុមារម្នាក់ជាអ្នកដំណើរ នៅក្នុងរថយន្តជនសង្ស័យបានរកឃើញកាំភ្លើង និងបានបាញ់ជាច្រើនគ្រាប់ ដោយវាយប្រហារមកលើជនរងគ្រោះ។

អធិការនគរបាល លោក James Kidd បានប្រាប់សារព័ត៌មាន CNN ថា យ៉ាងហោចណាស់គ្រាប់កាំភ្លើងចំនួន៦គ្រាប់ ត្រូវបានបាញ់ដោយកាំភ្លើងវែង AR-style 22 មកលើលោក Davis ។
ក្រុមមន្ត្រីបានទទួលការហៅទូរស័ព្ទ លេខ៩១១ នៅអំឡុងម៉ោង ៩: ៤០នាទី ម៉ោងក្នុងស្រុក នៅពេលនោះពួកគេបានមកដល់កន្លែងកើតហេតុ។លោកត្រូវបានលើកដាក់រថយន្តទៅកាន់មន្ទីរពេទ្យ ជាកន្លែងដែលត្រូវបានប្រកាសថាបានស្លាប់។
នគរបាលនិយាយថា Gomez និងក្មេងប្រុសអាយុ១២ឆ្នាំ បានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ទៅហើយ។