នគរបាល បាននិយាយថា ក្មេងប្រុសអាយុ ១ខួបម្នាក់បានស្លាប់ និងមនុស្ស ២៣នាក់កំពុងបាត់ខ្លួន បន្ទាប់ពីដំរីទឹកមួយក្បាល បានបុកទូករបស់ពួកគេ បណ្តាលឲ្យបានក្រឡាប់លិចនៅក្នុងទន្លេ ដ៏ធំបំផុតរបស់ប្រទេសម៉ាឡាវី។

ក្រុមជួយសង្គ្រោះកំពុងស្វែងរកអ្នករស់រានមានជីវិត ប៉ុន្តែក្តីសង្ឃឹមក្នុងការស្វែងរកអ្នកនៅមានជីវិត កំពុងរសាត់ទៅឆ្ងាយ ខណៈដែលហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃចន្ទ។ទូកនេះ បានដឹកអ្នកភូមិ ដែលឆ្លងទន្លេ Shire ដើម្បីទៅធ្វើស្រែរបស់ពួកគេជាធម្មតា។
មនុស្សសរុបចំនួន១៤នាក់ បានហែលទៅកាន់ទីសុវត្ថិភាព ឬត្រូវបានជួយសង្គ្រោះ ដោយអ្នកភូមិផ្សេងទៀត ដែលបានមុជចូលទៅក្នុងទន្លេ ដើម្បីជួយសង្គ្រោះ។ ប៉ុន្តែពួកគេពុំអាចជួយសង្គ្រោះកុមារតែម្នាក់គត់នៅក្នុងទូក។

សាកសពរបស់ក្មេងតូចនោះ ត្រូវបានអង្គភាពនគរបាលសមុទ្រ ស្រង់យកមកបាន នៅពេលទៅដល់ ដើម្បីធ្វើប្រតិបត្តិការសង្គ្រោះ និងស្វែងរក។
ឧបទ្ទវហេតុនេះ បានកើតឡើងនៅក្នុងស្រុកដាច់ស្រយាល Nsanje នៅភាគខាងត្បូងប្រទេសម៉ាឡាវី ក្បែរព្រំដែនជាមួយប្រទេសម៉ូហ្សំប៊ិក។
អ្នកនាំពាក្យនគរបាលប្រចាំស្រុក Nsanje លោកស្រី Agnes Zalakoma បានប្រាប់ BBC ថា៖ «អាជ្ញាធរ បាននៅកន្លែងកើតហេតុ តាំងពីម្សិលមិញ នៅពេលដែលមានសេចក្តីការណ៍ពីឧបទ្ទវហេតុនោះ ដោយកំពុងស្វែងរកអ្នកបាត់ខ្លួន»៕