
ក្រុមបាតុករ បាននាំគ្នាដង្ហែក្បួនតវ៉ានៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីប្រឆាំងនឹងផែនការបញ្ចេញទឹកវិទ្យុសកម្មដែលត្រូវបានបន្សាបចូលទៅក្នុងសមុទ្រ ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលត្រូវបានបំផ្លាញដោយការរញ្ជួយដី និងរលកយក្សស៊ូណាមិ កាលពីឆ្នាំ ២០១១ ។
ទឹកទាំងនេះ ត្រូវបានប្រើប្រាស់យ៉ាងសំខាន់ដើម្បីធ្វើឲ្យត្រជាក់ម៉ាស៊ីនរ៉េអាក់ទ័រ បន្ទាប់ពីគ្រោះមហន្តរាយ ។ វាត្រូវបានស្តុកនៅក្នុងសឺទែនទឹកដ៏ធំមួយនៅក្នុងរោងចក្រ ហើយនិងមានចំណុះល្មមអាចបំពេញអាងហែលទឹកកីឡាអូឡាំពិកប្រហែល ៥០០អាងបាន ។
ក្រុមមន្រ្តីនិយាយថា សឺទែនទឹកនេះជិតពេញទៅហើយៗត្រូវតែយកចេញដើម្បីកសាងថ្មី ។
អ្នកស្រី Misao Fujita គឺជាវេជ្ជបណ្ឌិតវ័យ ៦១ឆ្នាំមកពីទីក្រុង Fukushima ដែលបានចូលរួមបាតុកម្មនេះ និយាយថា ការបញ្ចេញទឹកកខ្វក់មានសារធាតុវិទ្យុសកម្ម គឺមិនមែនត្រឹមតែជាបញ្ហាសម្រាប់ជប៉ុន ហើយជាការពិតណាស់ថា មិនមែនត្រឹមតែជាបញ្ហាសម្រាប់ទីក្រុង Fukushima មួយប៉ុណ្ណោះទេ តែវាគឺជាបញ្ហាសកលលោក ហេតុដូច្នេះហើយ ខ្ញុំគិតថា វាចាំបាច់សម្រាប់អ្នករាល់គ្នាដែលត្រូវគិតពីវា ៕
