
បណ្ដានាយកប្រតិបត្តិរបស់អាមេរិកគ្រោងនឹងផ្ញើការព្រមានដ៏បន្ទាន់មួយទៅកាន់សមាជិកសភានៅថ្ងៃអង្គារថា សេដ្ឋកិច្ចប្រឈមនឹងការមហន្តរាយដ៏ធំ ប្រសិនបើសភានិងសេតវិមានរបស់លោក Biden មិនអាចឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបង្កើនកម្រិតបំណុល និងបញ្ចៀសការខកខានសងបំណុល។
នៅក្នុងលិខិតចំហមួយទៅកាន់ប្រធានាធិបតីលោក Biden និងមេដឹកនាំជាន់ខ្ពស់សភាកាលពីថ្ងៃអង្គារ ព្រមទាំងមេដឹកនាំធុរកិច្ចជិត ១៥០នាក់ បានជំរុញឱ្យភាគីទាំងពីរចាត់វិធានការ បើពុំនោះសោតប្រឈមមុខនឹង "មហន្តរាយដ៏ធំធេង និងផលវិបាកដ៏ធ្ងន់ធ្ងរ" ។ សំបុត្រចំហរនេះត្រូវបានចែករំលែកជាលើកដំបូងជាមួយសារព័ត៌មាន CNN មុនពេលចេញផ្សព្វផ្សាយ។
រដ្ឋមន្ត្រីក្រសួងរតនាគារលោកស្រី Janet Yellen បាននិយាយថា សហរដ្ឋអាមេរិកអាចនឹងខកខានសងបំណុលរបស់ខ្លួនឆាប់បំផុតនៅថ្ងៃទី ១ ខែមិថុនា ប្រសិនបើសមាជិកសភាមិនអាចបង្កើនចំនួនប្រាក់ដែលសហរដ្ឋអាមេរិកអាចខ្ចីដើម្បីសងបំណុលរបស់ខ្លួន។ លោកប្រធានាធិបតី Biden និងបណ្ដាមេដឹកនាំជាន់ខ្ពស់សភា ត្រូវបានគេរំពឹងថានឹងជួបប្រជុំគ្នានៅថ្ងៃអង្គារ ដើម្បីចរចាកិច្ចស្វែងរកកិច្ចព្រមព្រៀងមួយ និងទប់ស្កាត់ការខកខានសងបំណុលនេះ។
រដ្ឋមន្ត្រីរតនាគារលោកស្រី Janet Yellen បានបញ្ជាក់សារជាថ្មីនូវការព្រមានរបស់ខ្លួនថា ការខកខានសងបំណុលជាតិអាចនឹងរុញឲ្យសេដ្ឋកិច្ចធ្លាក់ក្នុងឱនភាព ហើយទីផ្សារភាគហ៊ុនអាចនឹងឈានទៅរកការដួលរលំ។ អត្រាគ្មានការងារធ្វើរបស់ប្រទេសនេះអាចកើនឡើង ហើយការចំណាយលើការខ្ចីប្រាក់សម្រាប់អាជីវកម្ម ព្រមទាំងការចំណាយប្រចាំថ្ងៃរបស់ប្រជាជនអាមេរិក នឹងកើនឡើង៕
