
ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកការសម្របសម្រួលកិច្ចការមនុស្សធម៌ (UNOCHA) និយាយថា មនុស្សជាង ៨០នាក់ បានស្លាប់ដោយសារតែទឹកជំនន់កាលពីពេលថ្មីៗនេះ នៅក្នុងប្រទេសអេត្យូពី។
នៅក្នុងរបាយការណ៍ស្តីពីស្ថានភាពចុងក្រោយនៅប្រទេសអេត្យូពីដែល UNOCHAបានចេញកាលពីល្ងាចថ្ងៃចន្ទ បាននិយាយថា ទឹកជំនន់ខុសពីធម្មតាកាលពីពេលថ្មីនេះ បណ្តាលឲ្យមានការខូចខាត និងជម្លៀសខ្លួនទ្រង់ទ្រាយធំ និងធ្វើឲ្យតម្រូវការមនុស្សធម៌កាន់តែធ្ងន់ធ្ងរខ្លាំងនៅទូទាំងប្រទេសអេត្យូពី។
UNOCHAនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា បសុសត្វជាង ២៣.០០០ក្បាល បានងាប់ ហើយដីកសិកម្មជាង ៩៩.០០០ហិចតា ត្រូវបានបំផ្លិចបំផ្លាញនៅតំបន់ Somaliតែមួយគត់។
ទីភ្នាក់ងារ UN មួយនេះ បន្តថា ដៃគូមនុស្សធម៌ និងរដ្ឋាភិបាលអេត្យូពី កំពុងផ្តល់ជំនួយសង្រ្គោះអាយុជីវិតដល់តំបន់សហគមន៍រងផលប៉ះពាល់ ប៉ុន្តែជំនួយនៅតែពុំគ្រប់ដដែលចំពោះទំហំតម្រូវការ៕
