បាល់ទាត់៖ ក្រុមកាំភ្លើងធំ Arsenal មិនអាចក្លាយជាក្រុមអង់គ្លេសទាំងអស់ ដែលឡើងវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌអឺរ៉ុបទាំង២ បានទេក្រោយស្មើក្នុងទឹកដីខ្លួនឯងពេលជួប Villarreal យប់មិញ ០-០។

បន្ទាប់ពីបរាជ័យជើងទី១ នៅទឹកដីអេស្ប៉ាញ ២-១ ក្រុមរបស់លោក Mikel Arteta ត្រូវការគ្រាប់បាល់ ១គ្រាប់ប៉ុណ្ណោះដើម្បីធានាបានកៅអីវគ្គផ្តាច់ព្រ័ត្រ Europa League លើកទី២ ក្នុង ៣រដូវកាលចុងក្រោយ។ ឱកាសច្រើនដែរសំរាប់ Arsenal តែគ្មានសំណាងដូចជា Aubameyang ស៊ុតបុករបាទី ២ដង។ នេះជាបរាជ័យរបស់ Arsenal ក្រោមស្នាដៃអតីតអ្នកចាត់ការ Arsenal លោក Unai Emery ដែលបច្ចុប្បន្នដឹកនាំ Villarreal។ បរាជ័យនេះដែរក៏នឹងធ្វើអោយ Arsenal ខកខានមិនបានប្រកួតនៅក្របខណ្ឌអឺរ៉ុបទាំង២ ជាលើកដំបូងក្នុងរយៈពេល ២៥រដូវកាល។
ងាកមកការប្រកួតមួយគូទៀត ក្រុមបិសាចក្រហម Manchester United បានរងបរាជ័យនៅទឹកដី AS Roma ៣-២ តែមិនថ្វីទេក្រុមរបស់លោក Ole Gunnar Solskjaer នៅតែអាចឡើងវគ្គផ្តាច់ព្រ័ត្របាន។
ជ័យជំនះនៅ Old Trafford ៦-២ គឺជាដើមទុនធំមួយសំរាប់ Manchester United មកទឹកដីអ៊ីតាលី ខណៈខ្សែប្រយុទ្ធអ៊ុយរូហ្កាយ Edinson Cavani នៅតែដើរតួសំខាន់ក្នុងជំនួបនេះក្រោយរកបាន ២គ្រាប់ម្នាក់ ខណៈ ៣គ្រាប់របស់ Roma ធ្វើបានដោយ Edin Dzeko, Bryan Christante និងគ្រាប់បាល់ចូលទីខ្លួនឯងរបស់ខ្សែការពារ Alex Telles។ Manchester United ឈ្នះជើងឯក Europa League ចុងក្រោយបំផុតនៅឆ្នាំ២០១៧ នៅពេលយកឈ្នះ Ajax Amsterdam ២-០ នៅវគ្គផ្តាច់ព្រ័ត្រ ខណៈនេះជាការឈានឡើងវគ្គផ្តាច់ព្រ័ត្រលើកដំបូងដែរ ក្រោមការដឹកនាំរបស់ Ole Gunnar Solskjaer បន្ទាប់ពីធ្លាប់ចាញ់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៤លើករួមមាននៅ League Cup ២លើក, FA Cup ១លើក និង Europa League នេះ ១លើក។ ជំនួបវគ្គផ្តាច់ព្រ័ត្ររវាង Manchester United និង Villarreal នឹងធ្វើឡើងទីក្រុង Gdansk ប្រទេសអ៊ុយក្រែនថ្ងៃទី២៦ ខែឧសភានេះ៕
អត្ថបទ៖នាង សុភាវុធ