សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ជោគជ័យដែលសម្រេចបានពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅពេលនេះ គឺជាមោទនភាពជាតិ និងសមិទ្ធផលសម្រាប់ពលរដ្ឋខ្មែរទាំងអស់ ខណៈព្រឹត្តិការណ៍ដ៏ធំនេះបានធ្វើឲ្យកម្ពុជាលេចត្រដែតខ្ពស់ចំពោះកិត្យានុភាពរបស់ខ្លួនលើឆាក់អន្តរជាតិនោះ។
ថ្លែងក្នុងឱកាសបិទជាផ្លូវការព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣នាយប់ថ្ងៃទី១៧ ខែឧសភានេះ នៅពហុកីឡដ្ឋានមរតកតេជោ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា«ថ្ងៃនេះព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមបានបញ្ចប់ប្រកបដោយថាមពល ដោយទទួលជោគជ័យយ៉ាងត្រចះត្រចង់។ថ្ងៃនេះយើងពិតជាបានយល់ច្បាស់អ្វីទៅ ជាអត្ថន័យកីឡារស់នៅក្នុងសន្តិភាព ដែលត្រូវការពារឲ្យខានតែបាននោះ»។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានសម្តែងមោទកភាព និងអគុណគ្រប់ប្រតិភូកីឡាគ្រប់ប្រទេសទាំងអស់ ដែលបានចូលប្រកួតកីឡាស៊ីហ្គេមលើកទី៣២នេះ និងអគុណដល់ថ្នាក់ដឹកនាំប្រទេសជាសមាជិកអាស៊ានទាំងអស់ផងដែរ ដែលបានបញ្ជូនអត្តពលិករបស់ខ្លួនមកចូលរួមប្រកួត ខណៈការចូលរួមទាំងនេះបានបង្ហាញពីស្មារតីសាមគ្គីភាព មិត្តភាព និងការធ្វើសមាហរណកម្មប្រទេសនៅក្នុងតំបន់អាស៊ានទាំងមូលនោះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រកាសថ្លែងអំណរអគុណដល់សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានCAMSOC ឯកឧត្តមថោង ខុន គ្រប់ក្រសួង ស្ថាប័ន បងប្អូនអ្នកស្ម័គ្រចិត្តទាំងអស់ដែលបានចូលរួមបំរើការនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះប្រកបដោយភាពជោគជ័យយ៉ាងធំធេងផងដែរ។
ក្នុងឱកាសប្រកាសបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នេះដែរ ប្រមុខរដ្ឋាភិបាលក៏មិនបានភ្លេចក្នុងការអរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលបានជួយកសាងពហុកីឡដ្ឋានដ៏ធំមួយនេះសម្រាប់ប្រើប្រាស់រៀបចំពិធីបើក និងពិធីបិទនិងដើម្បីប្រើប្រាស់តកូនតចៅរបស់កម្ពុជានោះ៕ ដោយ ៖ បាន ចក់







