ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់ និស្សិតពេទ្យបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(University of Health Science )ចំនួន ១,៣៩៦នាក ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ។
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារដូចខាងក្រោម៖
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានវិនិយោគច្រើនទៅលើការបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យសុខាភិបាលនៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បាន វិនិយោគអស់ថវិកាជាច្រើនផងដែរ លើហេដ្ឋារចនាពាក់ព័ន្ធនានាបន្ថែមទៀតលើវិស័យនេះ ដើម្បីផ្ដល់សេវាសុខាភិបាលគ្រប់គ្រាន់ដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ណែណាំឱ្យ លោកបណ្ឌិត រត្ន័ សណ្ដាប់ អ្នកជំនាញអារ្យធម៌ខ្មែរ ធ្វើការសិក្សាស្រាវជ្រាវឱ្យបានច្បាស់ទាក់ទងនឹងពុទ្ធទំនាយនូវការលើកឡើងអំពីពាក្យថា «វាល៣»។ ប៉ុន្ដែពាក្យវាល៣នេះ សម្ដេចតេជោ កត់សម្គាល់ឃើញជារួមមាន៖ វាលទី១ គឺសង្គ្រាម កម្ពុជាបានឆ្លងផុតរួចហើយ វាលទី២ វាលអត់ឃ្លាន ក៏បានឆ្លងផុត និងទី៣ វាលជំងឺ ដែលវាលទី៣នេះ គឺពិបាកនឹងឆ្លងផុតណាស់។
សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់និស្សិតពេទ្យ ដែលបានស្ម័គ្រចិត្តចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាមួយក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្ត សម្តេចតេជោ នាអំឡុងពេលកម្ពុជាកំពុងប្រឈមនឹងជំងឺរាតត្បាតនេះ ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជាក្លាយជាកន្លែងសម្រាប់ប្រទេសធំៗ មួយចំនួននៅលើពិភពលោកចុះមកធ្វើការសិក្សាស្រាវជ្រាវលើការអនុវត្តយន្តការសុខាភិបាលដើម្បីលុបបំបាត់ជំងឺមួយចំនួនដោយជោគជ័យ ក្នុងនោះមានដូចជាជំងឺគ្រុនស្វិតដៃជើងជាដើម។ សម្ដេចបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាក៏កំពុងអនុវត្តយន្តការដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ពីប្រទេសកម្ពុជាផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីការខិតខំរបស់ប្រទេសកម្ពុជាដែលដឹកនាំដោយសម្ដេចផ្ទាល់ ក្នុងការគ្រប់គ្រងស្ថានការជំងឺកូវីដ-១៩ ដែលើកំពុងមានការរីករាលដាលខ្លាំង។ នាអំឡុងពេលនោះ មានសារព័ត៌មានមួយចំនួនបានវាយប្រហារមកកាន់ប្រទេសតូចដូចជាកម្ពុជា និងឡាវជាដើម ក្នុងការមិនអាចគ្រប់គ្រងជំងឺកូវី១-១៩បាន ប៉ុន្ដែផ្ទុយទៅវិញកម្ពុជាបានគ្រប់គ្រងកូវីដ-១៩ បានល្អជាងប្រទេសអ្នកមានមួយចំនួនទៅវិញ។
លទ្ធផលនេះ សម្ដេចបានណែនាំឱ្យមានការ ចង់ក្រងទុកនូវការអនុវត្តការងារគ្រប់គ្រងកូវីដ-១៩ របស់កម្ពុជា ទាក់ទងនឹងការ ចាត់ចែងគ្រប់គ្រង និងធ្វើសកម្មភាពនៃការគ្រប់គ្រងកូវីដ-១៩។
សម្តេចតេជោ ហ៊ុន សែន មានការសោកស្ដាយចំពោះប្រទេសមហាអំណាចមួយចំនួន បាននាំគ្នាចំណាយថវិកាជាច្រើនដើម្បីតែផលិតអាវុធ ដើម្បីធ្វើសង្គ្រាម។
សម្ដេចបញ្ជាក់ថា បើសិនជាប្រទេសមហាអំណាចទាំងនោះ បែរមកចំណាយថវិកាមួយភាគលើការផលិតសម្ភារសុខាភិបាលនោះ ពិភពលោកនឹងមានភាពធូស្បើយពីជំងឺរាតត្បាតផ្សេងៗមិនខាន។
សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរដល់និស្សិតពេទ្យទទួលបានជ័យលាភីនាថ្ងៃនេះ។ ប៉ុន្ដែទោះបីជាទទួលបានលទ្ធផលលើការសិក្សាលើជំនាញ សម្ដេចតេជោ ជំរុញដល់និស្សិតទាំងអស់បន្តខិតខំពង្រឹងសមត្ថភាពលើផ្នែកឌីជីថលើវិស័យរបស់ខ្លួន រួមជាមួយនឹងការអនុវត្តការងារប្រកបដោយក្រមសីលធម៌ខ្ពស់ ដើម្បីពង្រឹងប្រសិទ្ធភាពលើវិស័យសុខាភិបាលរបស់កម្ពុជាបន្ថែមទៀត។
សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរដែលកម្ពុជាបានរៀបចំតាំងពីចាប់ផ្ដើម រហូត ដល់បិទបញ្ចប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ប្របកបដោយជោគជ័យ។ ជាមួយគ្នានេះ ការសម្រេចចិត្តរបស់សម្ដេចលើការគ្រប់គ្រង និងរៀបចំព្រឹត្តិការណ៍នេះជាពិសេសការចំណាយចំពោះប្រតិភូកីឡា និងអត្តពលិកដោយមិនគិតថ្លៃ រួមនឹងការអនុញ្ញាតឱ្យការផ្សព្វផ្សាយដោយមិនគិតថ្លៃ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ និងបន្សល់ទុកនូវកេរ្តិ៍ឈ្មោះដ៏យូរអង្វែងជាប្រវត្តិសាស្រ្ដសម្រាប់កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ខណៈកម្ពុជាកំពុងជាប់រវល់ប្រជុំអាស៊ាន ហើយរាជរដ្ឋាភិបាលឲ្យ ផ្អាកបុណ្យអុំទូក គេថាយើងអត់លុយ ដល់ពេលយើងបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមមិនយកលុយ គេនិយាយតិះដៀលនេះតិះដៀល នោះ។
សម្តេចតេជោ ហ៊ុន សែន ចំអកឲ្យបុគ្គលមួយចំនួន ដែលធ្វើនយោបាយបន់ឲ្យសម្តេចស្លាប់នោះ សូមរង់ចាំទៅជាតិក្រោយចុះ ដោយសម្តេច បានសង្កត់ធ្ងន់ថា«បើអ្នកធ្វើនយោបាយរង់ចាំហ៊ុន សែន ស្លាប់សូមរង់ចាំទៅជាតិក្រោយចុះ»។








